រាជធានីភ្នំពេញ ៖ គូសង្សារមួយគូខណៈកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែត្រូវជនសង្ស័យប្រុសស្រី៣នាក់ឆក់កាបូបតែមិនបានសម្រេច ហើយជនរងគ្រោះបានតាមក្របួចជាប់ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅសាកសួរ កាលពីវេលាម៉ោងប្រមាណជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា តាមផ្លូវជាតិលេខ៦ ចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
តាមអ្នកឃើញហេតុការណ៍ឲ្យដឹងថា គូសង្សារខាងលើជិះម៉ូតូហុងដា ពណ៌ខៀវលាយស លុះពេលឡើងស្ពានជ្រោយចង្វា ស្រាប់តែលេចមុខជនទាំង៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុ៊យគីនិច ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ ១GX-៥៩៩១ ទៅក្បែរហើយក៏ធ្វើសកម្មភាពឆក់កាបូប ប៉ុន្តែមិនបានសម្រេចទេ ដោយសារជនរងគ្រោះទាញមកវិញ។ពេលនោះ ជនរងគ្រោះបានដេញតាមរហូតដល់រង្វង់មូលព្រហ្មមុខបួនទើបឃាត់បានទាំង៣នាក់រួចប្រគល់ទៅឱ្យសមត្ថកិច្ច ដែលប្រចាំការនៅគោលដៅនោះ ។
ប៉ុន្តែជនសង្ស័យទាំង៣នាក់បានឆ្លើយថា ខ្លួនមិនបានធ្វើសកម្មភាពឆក់ទេគ្រាន់តែជិះកៀរគ្នាប៉ុណ្ណោះ ហើយមនុស្សស្រីជាអ្នកឌុបថែមទៀតមានពេលឯណាឆក់ ។ មួយសន្ទុះក្រោយមកសមត្ថកិច្ចបានដឹកពួកគេយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ប៉ុន្តែដោយសាររឿងហេតុកើតនៅទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅទីនោះវិញ ។ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សង្កាត់ស្រះចក ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ