ហ្វេសប៊ុក (Facebook) ជាប្រព័ន្ធសង្គមធំជាងគេរបស់ពិភពលោក ហើយវាក៏បើកឱកាសច្រើនសម្រាប់មនុស្សក្នុងការបង្កើនប្រាក់ចំណូលដែរ ។ កាលពីដើមឆ្នាំ២០១៨ ប្រព័ន្ធសង្គមនេះ មានអ្នកប្រើប្រាស់ច្រើនជាង២ប៊ីលាននាក់ទៅហើយដោយមានអ្នកប្រើប្រាស់ថ្មីប្រមាណ ៥០០,០០០ ជារៀងរាល់ថ្ងៃ ។
ហ្វេសប៊ុកបានផ្តល់ឱកាសឲ្យអាជីវកម្មតូចៗក្នុងការផ្សព្វផ្សាយផលិតផល និងលក់ទៅឲ្យអតិថិជនកាន់តែច្រើននាក់ ដោយមិនចាំបាច់បង់ថវិកាច្រើនឡើយ ។ ប៉ុន្តែប្រសិនបើអ្នកគ្រាន់តែជាអ្នកលេងហ្វេសប៊ុកទូទៅទេនោះ តើអ្នកអាចរកលុយបានពីប្រព័ន្ធសង្គមនេះទេ ? ចម្លើយ គឺប្រាកដជាបានដោយគ្រាន់តែសាកល្បងវិធីរកលុយខាងក្រោមនេះ ៖
១. លក់ផលិតផល ៖
ហ្វេសប៊ុកបានក្លាយជាទីផ្សារមួយសម្រាប់មនុស្សលក់ផលិតផល ដែលប្រើរួចបន្ត ឬរកផលិតផលថ្មីៗទៅកាន់អ្នកប្រើប្រាស់ដទៃ ។ ព្រោះតែអ្នកប្រើប្រាស់អាចមើលឃើញផលិតផលតាមទីតាំង និងប្រភេទនោះអ្នកអាចមានអតិថិជនជាច្រើន ។ ប៉ុន្តែទីផ្សារអាចនឹងតូចចង្អៀតបន្តិច ព្រោះអ្នកដទៃប្រហែលជាមានគំនិតនេះ ដូចអ្នកដែរដូច្នេះអ្នកត្រូវតែបង្ហាញភាពលេចធ្លោ និងចេះយកគំនិតច្នៃប្រឌិតទៅសរសេរអ្វីដែលទាក់ទាញ ឬប្រើរូបថតដែលទាក់ទាញចំណាប់អារម្មណ៍ជាដើម ។
២. ផ្សព្វផ្សាយផលិតផលឲ្យអ្នកដទៃ ៖
ប្រសិន បើអ្នកមិនចង់វិនិយោគធនធាន ប៉ុន្តែអ្នកមានមិត្តភក្តិច្រើនលើហ្វេសប៊ុកនោះអ្នកអាចជួយផ្សព្វផ្សាយផលិតផលឲ្យអ្នកដទៃបាន ដើម្បីទទួលបានប្រាក់កម្រៃ ។ កត្តាដែលសំខាន់ គឺរកដៃគូដែលអ្នកអាចទុកចិត្តបាន និងដៃគូដែលមានផលិតផល ឬសេវាដែលអ្នកគិតថា មិត្តភក្តិលើហ្វេសប៊ុករបស់អ្នកនឹងចាប់អារម្មណ៍ ។
៣. រកចំណូលពីការឧបត្ថម្ភធន និងការផ្សាយពាណិជ្ជកម្ម ៖
អ្វីដែលអ្នកអាចលក់មិនមានកម្រិតត្រឹមតែផលិតផល ឬសេវាកម្មទេ តែអ្នកអាចលក់សាច់រឿង ឬហៅថា Content និងព័ត៌មានថែមទៀត លើហ្វេសប៊ុកឲ្យតែអ្នកជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ និងស្រលាញ់ការសរសេរ ឬសកម្មភាពអ្វីមួយដែលមនុស្សចាប់អារម្មណ៍ ។
អ្នកគ្រាន់តែត្រូវបង្កើត Page មួយលើហ្វេសប៊ុក និងប្តេជ្ញា Post ជារៀងរាល់ថ្ងៃជាការស្រេច ។ នៅពេលដែល Page របស់អ្នកទទួលបានការគាំទ្របានច្រើនហើយ អ្នកអាចទាក់ទងទៅអាជីវកម្មដែលចាប់អារម្មណ៍ដើម្បីផ្សាយពាណិជ្ជកម្មបាន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ