ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី១៤ តុលា លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការងទទួលផែនព្រហ្មទណ្ឌបានមានប្រសាសន៍ឲ្យដឹងអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំគណៈស្នងការ
និងកងកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ នៅក្នុងប្រតិបត្តិការស្រាវជ្រាវបំបែកសំណុំរឿងចំនួន៤ករណីផ្សេងៗពីគ្នា ដែលជាករណីឃាតកម្មគិតទុកជាមុន ក្នុងការបាញ់សម្លាប់ប្លន់យកប្រាក់ ហើយត្រូវបានឃាត់ខ្លួនជនជាឃាតករនិងបក្សពួកបានជាបន្តបន្ទាប់ ។
លោកឧត្តមសេនីយ៍ត្រី បានថ្លែងបែបនេះក្នុងពេលធ្វើសន្និសីទសារព័ត៌មានមុនពេលនាំខ្លួនក្រុមជនសង្ស័យទៅតុលាការ ។ លោកបានបន្តឲ្យដឹងទៀតថា សំណុំរឿងដែលសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបំបែកបានទាំង៤ករណីគឺ៖
សំណុំរឿងទី១-ការស្រាវជ្រាវនិងបង្ក្រាបឃាតកម្មគិតទុកជាមុន គឺករណីបាញ់សម្លាប់ទម្លាក់ពីលើរថយន្តរវាងជនជាតិចិននិងជនជាតិចិន នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៦ ឧសភា ឆ្នាំ២០១៩កន្លងមក នៅតាមផ្លូវមុខកាស៊ីណូវិមានខ្សាច់ស ស្ថិតក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ករណីខាងលើបង្ករឡើងដោយជនសង្ស័យចំនួន៣នាក់ជាជនជាតិចិន ។ មុនកើតហេតុ ជនសង្ស័យបានហៅជនរងគ្រោះឡើងជិះរថយន្តរបស់ពួកគេមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2k3970 ។
លុះពេលជនរងគ្រោះចូលក្នុងរថយន្តហើយ ជនជាឃាតករបានបាញ់ប្រហារជនរងគ្រោះតែម្តង គឺឈ្មោះ sun penglong(ស៊ុនផឹងឡុង) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនកាន់លិខិតឆ្លងដែនលេខE31654838 មុខរបរអ្នកនាំភ្ញៀវលេងល្បែងក្នុងកាស៊ីណូ ស្នាក់នៅបណ្តោះអាសន្នភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ជនរងគ្រោះត្រូវបានឃាតករបាញ់ចំក្បាល១គ្រាប់ បណ្តាលឲ្យស្លាប់ ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលដេញចាប់ឃាត់ខ្លួនបានចំនួន២នាក់ ភ្លាមៗគឺម្នាក់ឈ្មោះ Yang kunភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2883612 មុខរបរបើកបររថយន្ត ស្នាក់នៅបណ្តោះអាសន្នភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងម្នាក់ទៀតឈ្មោះ Zhuwenfan ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនគ្មាន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
ដោយឡែក បក្សពួកម្នាក់ទៀតជាឃាតករដៃដល់ឈ្មោះ zhang huaហៅអាឈាន់ អាយុ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ Ec5107563 កំពុងយកអាវុធដែលបាញ់សម្លាប់ជនរងគ្រោះរត់គេចខ្លួនដែលរហូតមកដល់ពេលនេះសមត្ថកិច្ច នគរបាលកំពុងតែបន្តស្វែងរកចាប់ខ្លួន ។
ករណីទី២-ជាឃាតកម្មគិតទុកជាមុន បាញ់សម្លាប់ប្លន់យកប្រាក់ចំនួន៦ម៉ឺនដុល្លាររវាងជនជាតិចិននិងជនជាតិចិន នៅវេលាម៉ោង១៣និង២០នាទី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៩កន្លងមក នៅចំណុចផ្ទះសំណាក់ហ្គូតថាមរីសតបន្ទប់លេខA121 ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ករណីខាងលើជនជាឃាតករបានរត់គេចខ្លួនបាត់បន្តរុករករហូតកំណត់បានសាវតាជនជាឃាតករមានឈ្មោះzhanghuayu (ចាងហួយអុី ហៅអាឈាន់ អាយុ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនEc5107563 ដោយមានកិច្ចសហការល្អជាមួយកម្លាំងនគរបាលប្រទេសចិនបានចាប់ខ្លួនជនជាឃាតករបញ្ជូនមកប្រទេសកម្ពុជាវិញដើម្បីផ្តន្ទាទោសតាមច្បាប់ ដោយសារតែជននេះបានសម្លាប់មនុស្សនៅកម្ពុជា ។ជនដៃដល់នេះក៏ជាជនដែលបានបាញ់សម្លាប់២ករណីខាងលើផងដែរ ។
ករណីទី៣ ការបង្ក្រាបករណីឃាតកម្មគិតទុកជាមុនដែលសម្លាប់រួចកាត់សាកសពជា៣កំណាត់ប្លន់យកលុយចំនួន៧ម៉ឺនដុល្លារវាងជនជាតិចិននិងជនជាតិចិន នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩កន្លងមក នៅចំណុចហាងប្តូរប្រាក់យីហោ(ជាំងស៊ូ) ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្កឡើងដោយជនជាឃាតករឈ្មោះ zhouyayun( ចូវយ៉ាអុីន) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតចិន មុខរបរប្តូរប្រាក់ កាន់លិខិតឆ្លងដែនលេខ E05801588 ស្នាក់នៅបណ្តោះអាសន្នហាងប្តូរប្រាក់យីហោខាងលើ ។
ដោយឡែក ជនរងគ្រោះឈ្មោះwu cheng hui (អ៊ូឈឹងហួយ) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរប្តូរប្រាក់ កាន់លិខិតឆ្លងដែនលេខ Ed7591553 ។ ជនរងគ្រោះត្រូវបានជនជាឃាតករកាត់ជា៣កំណាត់ ដែលកំណាត់ទី១ពីក្បាលដល់ចង្កេះ កំណាត់ទី២ពីចង្កេះដល់ជង្គង់ និងកំណាត់ទី៣ត្រឹមជង្គង់ដល់បាតជើងរុំភួយច្រកចូលក្នុងថង់ប្លាស្ទិករួចដឹកតាមរថយន្តទៅប្លុងចោលនៅកន្លែងផ្សេងៗដាច់ឆ្ងាយពីគ្នា ។ ក្រោយកើតហេតុនិងទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋប្រទះឃើញសាកសព សមត្ថកិច្ចនគរបាលជំនាញបានបើកការស៊ើបអង្កេតអស់រយៈពេល២៤ម៉ោង ក៏បានបំបែកសំណុំរឿងឈានដល់ការឃាត់ខ្លួនជនជាឃាតករ ព្រមទាំងដកហូតសម្ភារវត្ថុតាងមួយចំនួនដែលពាក់ព័ន្ធទៅនឹងករណីឃាតកម្មខាងលើនេះ ។
ករណីទី៤ ការបង្ក្រាបករណីឃាតកម្មក្នុងការបាញ់សម្លាប់រួចរុញជនរងគ្រោះទម្លាក់ពីលើរថយន្ត រវាងជនជាតិចិននិងជនជាតិចិន នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវសេតេ ក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដែល បង្កឡើងដោយជនសង្ស័យចំនួន៣នាក់ ជាជនជាតិចិន ភេទប្រុសចំនួន៣នាក់ និងអ្នកសមគំនិតម្នាក់ទៀតភេទស្រី ជាជនជាតិចិន បានធ្វើសកម្មភាពរៀបចំគម្រោងបើករថយន្តម៉ាកមីតស៊ុយប៊ីស៊ី ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2A.8653 ទៅហៅជនរងគ្រោះទៅផឹកស៊ីនៅក្លិប KTV យីហោយ៉ាហ្សូ៊អុីហាវ ។
លុះផឹកស៊ីរួចជនសង្ស័យបានដឹកជនរងគ្រោះចេញទៅក្រៅក្នុងគោលបំណងចាប់ជំរិត ពេលចូលដល់ក្នុងរថយន្តជនជាឃាតករបានចាប់ក្រៀកជនរងគ្រោះ និងដកកាំភ្លើងខ្លីភ្ជង់គំរាមមិនឲ្យជនរងគ្រោះស្រែក តែជនរងគ្រោះបានរើបម្រះខ្លាំងទើបជនជាឃាតករ បានបាញ់មួយគ្រប់ត្រូវចំកំភួនជើងខាងស្តាំធ្លាយទៅម្ខាង ។ ពេលនោះជនរងគ្រោះកាន់តែរើបម្រះខ្លាំងបន្ថែមទៀត ទើបជនជាឃាតករបានបាញ់១គ្រប់ទៀតត្រង់ចំណុចលើដោះខាងឆ្វេង បណ្តាលឲ្យធ្លាយស្លាប់នៅក្នុងរថយន្ត បន្ទាប់មកក៏រុញទម្លាក់សាកសពចោលតាមបណ្តោយផ្លូវខាងលើរួចក៏បើករថយន្តរត់គេចខ្លួនមកដល់ចំណុចខាងមុខវត្តឥន្ទញាណ ហៅវត្តក្រោម ក៏ប្លុងរថយន្តចោលនាំគ្នាចុះរត់គេចខ្លួនរៀងៗខ្លួន ។
បន្ទាប់ពីភ្ញាក់ផ្អើល ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បានសហការគ្នាដេញស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យបានចំនួន២នាក់ ១-ឈ្មោះ Duoiang (ឌូ សៀង) ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនគ្មានស្នាក់នៅមិនពិតប្រាកដ (សមត្ថកិច្ចមិនបានបញ្ជាក់ថាជនរូបនេះចូលស្រុកខ្មែរតាមច្រកណាទេ ) ។ ២-ឈ្មោះ Chenmiang( ឈីនម៉ីសាំង) ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន ជាបុគ្គលិកនៅក្នុងហាងKTV លិខិតឆ្លងដែនគ្មាន ស្នាក់នៅបណ្តោះអាសន្នភូមិ១ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ ។
ដោយឡែកបក្សពួកជនសង្ស័យចំនួន២នាក់ទៀត ដែលបានយកអាវុធខ្លី រត់គេចខ្លួនកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បានបន្តបើកការស្រាវជ្រាវរហូតដល់វេលាម៉ោង២២និង៣០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ពេលដែលសមត្ថកិច្ចដឹងថា ជនសង្ស័យកំពុងតែលាក់ខ្លួននៅសណ្ឋាគារហ៊ូតូវ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ពេលនោះក៏បានឆែកឆេរនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តងគឺ១-ឈ្មោះyixin( អុិ ស៊ីន) ភេទប្រុស អាយុ៣១ ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ EE2334552 ស្នាក់នៅមិនពិតប្រាកដ ។ និង២-ឈ្មោះChen hao( ឈិន ហាវ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនគ្មាន ទីលំនៅមិនពិតប្រាកដ ។ នៅពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតអាវុធខ្លី១ដើមគ្រាប់ពេញបង់ ដែលជនជាឃាតករបានបាញ់សម្លាប់ជនរងគ្រោះ ។ បច្ចុប្បន្នជនជាឃាតករដែលបានធ្វើសកម្មទាំង៤ករណីខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងផងដែរថា ជោគជ័យក្នុងការបំបែកសំណុំរឿងធំៗទាំង៤ខាងលើនេះ ដោយសារមានការសម្របសម្រួលផ្នែកនីតិវិធីច្បាប់ពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងមានការចង្អុលបង្ហាញរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងមានកិច្ចសហការល្អពីកម្លាំងនគរបាលជំនាញរបស់ស្នងការដ្ឋានខេត្តព្រះសីហនុ ធ្វើយ៉ាងណាបង្ក្រាបឲ្យខាងតែបានដើម្បីរក្សាសន្តិសុខជូនដល់អ្នកវិនិយោគិន និងសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ៕
ចែករំលែកព័តមាននេះ