រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីម្នាក់ដែលបានលោតទឹកសម្លាប់ខ្លួន កាលពី២ថ្ងៃមុននៅស្ពានជ្រោយចង្វារនោះត្រូវបានប្រទះឃើញអណ្តែតទឹកទន្លេមេគង្គក្រោម ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃទី០៦ ខែតុលានេះ ។
សពស្ត្រីរងគ្រោះខាងលើនេះមានឈ្មោះ ហេន នាថ អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើតនៅភូមិព្រែកប្រណាក ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មានអោយដឹងថា នៅវេលាខាងលើក្មេងៗរស់នៅតំបន់នោះបាននាំគ្នារត់លេង ក៏ស្រាប់តែប្រទះឃើញសាកសពអណ្តែតទើបរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងនគរបាល ចុះពិនិត្យជាក់ស្តែងតែម្តងទៅ ។ ពេលចុះពិនិត្យនគរបាលបានធ្វើការទំនាក់ទំនងទៅកាន់ នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីអោយជួយទំនាក់ទំនងទៅកាន់បងប្អូនសាច់ញាតិសពខាងលើឲ្យមកពិនិត្យមើលថា តើសពនេះជាសាច់ញាតិរបស់ខ្លួនឬ ព្រោះកាលពី២ថ្ងៃមុន មានករណីលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ ក្នុងខណ្ឌជ្រោយចង្វារ ។
ក្រោយទំនាក់ទំនងទៅបងប្អូនសាច់ញាតិហើយនោះ គេសង្កេតឃើញនារីវ័យ២៣ឆ្នាំម្នាក់ ឈ្មោះ ខេង ស្រីឡា ដែលត្រូវជាកូនស្រីបានទៅពិនិត្យមើលដល់កន្លែង ក្រោយពិនិត្យមើលរួចនាងអះអាងយ៉ាងច្បាស់ថា សពនេះ គឺជាសពម្តាយបង្កើតរបស់នាងប្រាកដមែន ដែលបានលោតទឹកសម្លាប់ខ្លួន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី០៤ ខែតុលាកន្លងទៅ ។
តាមការអះអាងរបស់នារីជាកូនស្រី អោយដឹងថា ម្តាយរបស់នាងមានជំងឺមហារីកសុដន់ធ្ងន់ធ្ងរដែលមិនអាចព្យាបាលជា ទើបស្ត្រីជាម្តាយមានអារម្មណ៍ថា អស់សង្ឃឹមក្នុងជីវិតទើបសម្រេចបញ្ចប់ជីវិតដោយការសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនតែម្តងទៅ ។
យ៉ាងណាមិញ ក្រោយនគរបាលជំនាញស្រង់សពចេញពីទឹក និងធ្វើការពិនិត្យវិច្ច័យរួចរាល់ហើយនោះក៏សម្រេចប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ កែសម្រួលដោយ ៖ សុឃាក់
បញ្ជាក់ ៖ កូនស្រីមិននឹកស្មាន ម្តាយនិយាយជាការពិតទើបមិនចាប់អារម្មណ៍ ស្រាប់សមត្ថកិច្ចខលទៅស្ទើរស្លុតចិត្ត(មានវីដេអូ)
ចែករំលែកព័តមាននេះ