ក្នុងបរិស្ថានអាជីវកម្មដែលមានភាពប្រកួតប្រជែងសព្វថ្ងៃនេះ អ្នកត្រូវតែជំរុញខ្លួនឯងជារៀងរាល់ថ្ងៃដើម្បីបង្កើនប្រាក់ចំណូល និងធ្វើឲ្យអាជីវកម្មរបស់អ្នកឈានមុខគេ ។ បើមិនដូច្នេះទេដៃគូប្រកួតប្រជែងរបស់អ្នកនឹងឆ្លៀតឱកាសមុនអ្នកជាក់ជាមុនខាន ។ តើអ្នកគួរធ្វើដូចម្តេចដើម្បីយកឈ្នះដៃគូប្រកួតប្រជែងអាជីវកម្ម? ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រមួយចំនួនដែលត្រូវបានចែករំលែកដោយលោក Scott Hansen ដែលជាទីប្រឹក្សាអាជីវកម្មមួយរូប៖
១. គិតឲ្យខុសពីគេ៖
ប្រសិនបើអ្នកចង់យកឈ្នះអ្នកដទៃ លោក Hansen បានប្រាប់មកថាអ្នកមិនគួរធ្វើអ្វីតាមអ្នកដទៃទេ ។ លោកតែងតែសួរអ្នកដែលសុំឲ្យលោកជួយថា «តើអ្នកចង់ធ្វើដូច Ferrari ឬ Camry?» សំណួរនេះមិនមានចម្លើយខុសឬត្រូវទេព្រោះក្រុមហ៊ុនទាំងពីរសុទ្ធតែជោគជ័យក្នុងទីផ្សារដែលពួកគេផ្តោតសំខាន់ ។ អ្នកត្រូវដឹងថាអ្នកចង់ផ្តោតលើទីផ្សារអ្វី ហើយធ្វើឲ្យអាជីវកម្មរបស់អ្នកក្លាយជាអ្នកទីមួយដែលអតិថិជនគិតដល់ពេលដែលពួកគេគិតឃើញទំនិញ ឬសេវាកម្មដែលអាជីវកម្មប្រភេទដូចអ្នកបានផ្គត់ផ្គង់ ។
២. ការត្រៀមខ្លួន៖
ពេលដែលអ្នកជួបអ្នកដទៃ និងនិយាយគ្នាបានប៉ុន្មាននាទី អ្នកតែងតែប្តូរនាមប័ណ្ណគ្នាទៅវិញទៅមក ។ ពេលដែលពួកគេត្រលប់ទៅផ្ទះ ឬការិយាល័យវិញ ពួកគេអាចនឹងចូលទៅគេហទំព័ររបស់អ្នក ឬចូលមើលប្រព័ន្ធសង្គមរបស់អ្នក ។ ដូច្នេះអ្នកត្រូវតែត្រៀមខ្លួនដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដទៃ ។ ពេលដែលអ្នកមានពេល អ្នកគួរតែចំណាយវាលើការរៀបចំគេហទំព័រ ឬផ្សព្វផ្សាយពីខ្លួន និងអាជីវកម្មខ្លួនលើប្រព័ន្ធសង្គមជាដើម ។
៣. ទាក់ទាញចំណាប់អារម្មណ៍៖
ពីមុនក្រុមហ៊ុនធំៗតែងតែមានសមត្ថភាពក្នុងការទាក់ទាញចំណាប់អារម្មណ៍ ព្រោះពួកគេមានធនធានក្នុងការផ្សព្វផ្សាយលើទូរទស្សន៍ ឬក្តារផ្សាយពាណិជ្ជកម្មធំៗ ។ ប៉ុន្តែបច្ចុប្បន្ននេះអាជីវកម្មតូចៗក៏អាចឈានមុខបានដែរដោយគ្រាន់តែប្រើប្រព័ន្ធសង្គមដូចជា Facebook ឬ Instagram ជាដើម ។
៤. កសាងរូបភាពឲ្យខុសពីគេ៖
ពេលខ្លះគ្រាន់តែផ្តល់ផលិតផល ឬសេវាកម្មល្អគឺមិនគ្រប់គ្រាន់ក្នុងការទាក់ទាញ និងដណ្តើមអតិថិជនពីដៃគូប្រកួតប្រជែងអ្នកទេ ។ អាជីវករមានមធ្យោបាយជាច្រើនក្នុងការបង្កើតរូបភាពដែលខុសប្លែកពីអ្នកដទៃលើទីផ្សារដូចជាចូលរួមបទសម្ភាសន៍ផ្សេងៗ ឬធ្វើការ Live លើប្រព័ន្ធសង្គម និងធ្វើការ Post ដែលទាក់ទាញជាដើម ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ