ជប៉ុនផ្តល់ជំនួយឥតសំណង២៥លានដុល្លារ…
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ…
រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ…
រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី៣ ខែតុលា នៅទីស្តីការក្រសួង បានចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនប្រមាណ២៥លានដុល្លារ ។
បន្ទាប់ពីចុះហត្ថលេខា លោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ ថ្លែងថា តាមរយៈហិរញ្ញប្បទានឥតសំណងនេះ ជប៉ុននឹងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងបឹងជើងឯងភាគខាងត្បូងរាជធានីភ្នំពេញ ។ ជំនួយរបស់ជប៉ុននេះ នឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បញ្ជាក់ថា ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចខ្ពស់៧%ក្នុង១ឆ្នាំរបស់កម្ពុជានាពេល បច្ចុប្បន្នចំនួនប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញក៏កំពុងកើនឡើងដែរ។ យើងត្រូវការចាំបាច់ណាស់ក្នុងការបញ្ចេញសំណល់ទឹកកខ្វក់ពីជីវភាពរស់នៅទៅក្នុងទន្លេ។ លោកបន្តថា សម្រាប់ប្រព័ន្ធទឹកស្អាតវិញ ជា
លទ្ធផលនៃជំនួយបច្ចេកទេសជាច្រើនតាមរយៈជំនួយODAជប៉ុន និងទីក្រុង Kitakyushuយើងអាចសម្រេចបានការអភិវឌ្ឍដែលមានឈ្មោះថា «ភ្នំពេញអច្ឆរិយៈ» ។
ក្រុមអ្នកបច្ចេកទេសម្រាប់សិក្សាក្នុងការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកកខ្វក់ ត្រូវបានបញ្ជូនមកដល់រាជធានីភ្នំពេញតាំងពីខែមេសាឆ្នាំ២០១៩ មកម្ល៉េះ ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានថ្លែងអំរគុណប្រទេសជប៉ុនដែលបានផ្តល់ជំនួយនេះក៏ដូចជាជំនួយកន្លងមកជាច្រើន ដោយបញ្ជាក់ថា លោកមានសេចក្តីរីករាយដែលបានចុះហត្ថលេខាលើលិខិតប្តូរសារក្នុងការផ្តល់ហិរញ្ញប្បទានឥសំណង២.៧៧៧លានយ៉េនគឺប្រមាណ២៥លានដុល្លារអាមេរិកនៅពេលនេះ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា គិតចាប់ពីដើមឆ្នាំ២០១៩នេះ ជប៉ុននិងកម្ពុជាបានចុះហត្ថលេខាលើលិខិតប្តូរសារក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៣លើករួចមកហើយ ដែលមានទឹកប្រាក់ប្រមាណជាង៤៣លានដុល្លារអាមេរិករួមមាន ៖ទី១-សម្រាប់កែលម្អប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកនៅបែ៉កខាងលិចបឹងទន្លេសាប ទី២-ប្រព័ន្ធសម្រាប់ផ្លាស់ប្តូរទិន្នន័យនៅកំពង់ផែខេត្តព្រះសីហនុ ដើម្បីធ្វើទំនើបកម្មកំពង់ផែ ។
លោកឧបនាយករដ្ឋមន្ត្រីបន្តទៀតថា ដោយឡែកកាលពីខែឧសភាកន្លងទៅ សម្តេចតេជោហ៊ុន សែន និងលោក ស៊ីនហ្សូ អាបេ បានចុះហត្ថលេខានៅទីក្រុងតូក្យូ ប្រទេសជប៉ុន លើលិខិតផ្តល់ហិរញ្ញប្បទានជំនួយឥតសំណងដល់កម្ពុជាប្រមាណ៥លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍គម្រោងចំនួន២គឺ ៖ទី១-សម្រាប់អាហារូបកណ៍និស្សិតនិងទី២-ការសាងសង់ឃ្លាំងនៅតំបន់សេដ្ឋកិច្ចពិសេសនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងទៀតថា ក្នុងនោះជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៤,៦លានដុល្លារអាមេរិកសម្រាប់ផ្គត់ផ្គង់គ្រឿងចក្រជួសជុសផ្លូវថ្នល់នៅកម្ពុជា ។ រដ្ឋាភិបាលជប៉ុន មិនត្រឹមតែបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងស្ថិរភាពនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏បាននិងកំពុងទ្រទ្រង់យ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាផងដែរ ។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថាវឌ្ឍនភាពលើគ្រប់វិស័យរបស់កម្ពុជា មិនអាចកាត់ចេញបានពីជំនួយដ៏ថ្លៃថ្លារបស់ជប៉ុនលើគ្រប់វិស័យ ដែលបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងជំរុញសេដ្ឋកិច្ចកម្ពុជា។ ជាមួយកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ កម្ពុជានិងជប៉ុនបានក្លាយជាដៃគូពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជនកាន់តែរីកធំធាត់ ខណៈទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រត្រូវបានពង្រឹងថែមទៀត ៕
ចែករំលែកព័តមាននេះ