សហភាពអឺរ៉ុប ៖ សហភាពអឺរ៉ុបគ្រោងនឹងណែនាំពន្ធថ្មីមួយគឺការយកពន្ធលើសេវាកម្មឌីជីថល (Tax on digital Services) បើទោះជាមិនមានកិច្ចព្រមព្រៀងជាសកលស្តីពីអ្វីដែលហៅថា «ពន្ធលើគេហទំព័រ» នេះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ Reuters ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ ។
លោក Paolo Gentiloni អតីតនាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី បានប្រាប់ទៅភ្នាក់ងារ La Stampa នៅក្នុងបទសម្ភាសន៍មួយថា «កិច្ចការដំបូងរបស់ខ្ញុំគឺត្រូវមើលថាតើអាចដាក់ពន្ធតាមអ៊ីនធឺណេតនៅកម្រិត OECD/G20 បានដែរឬទេ ដែលនេះគឺជាអ្វីដែលត្រូវគិតគូរនៅកម្រិតសកល ពីព្រោះនោះគឺជាដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត»។
លោកបានបន្ថែមថា «គណៈកម្មាការនឹងស្វះស្វែងរកកិច្ចព្រមព្រៀងមួយនៅឆ្នាំ ២០២០ ប៉ុន្តែប្រសិនបើមិនអាចទៅរួច នោះបេសកកម្មរបស់ខ្ញុំនឹងស្នើពន្ធបណ្តាញអ៊ឺរ៉ុប…យើងនឹងមិនត្រៀមនូវការរង់ចាំណាមួយទេ” ។
សូមបញ្ជាក់ថាអតីតនាយករដ្ឋមន្ត្រី Paolo Gentiloni រូបនេះត្រូវបានតែងតាំងសម្រាប់តំណែងជាស្នងការសេដ្ឋកិច្ចក្នុងគណៈកម្មការអឺរ៉ុប ក៏បានបញ្ជាក់អះអាងថាសហភាពអឺរ៉ុបត្រូវការគោលនយោបាយសេដ្ឋកិច្ចនិងសារពើពន្ធដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច។ លោក Gentiloni បាននិយាយថាលោកក៏នឹងត្រួតពិនិត្យនូវកិច្ចប្រឹងប្រែងរបស់អឺរ៉ុបដើម្បីធ្វើឱ្យពន្ធសាជីវកម្មនៅទូទាំងរដ្ឋជាសមាជិក និងពិនិត្យមើលបទប្បញ្ញត្តិបច្ចុប្បន្នរបស់ប្លុកនេះលើពន្ធថាមពលផងដែរ ។
ទោះយ៉ាងណាក៏ដោយ លោកបានកោតសរសើរចំពោះគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអឺរ៉ុបបន្ថែមថា វាមិនគ្រប់គ្រាន់ទេដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចអឺរ៉ុបនោះ ។ លោកបានថ្លែងបញ្ជាក់ថា «យើងក៏ត្រូវការគោលនយោបាយសេដ្ឋកិច្ចនិងថវិកាដែលជំរុញកំណើនសេដ្ឋកិច្ចផងដែរ»៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ