ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅត្រង់ចំនុចផ្សារឃ្លាំងលើ នាព្រឹកថ្ងៃទី១៧ កញ្ញានេះត្រូវកម្លាំងចំរុះដឹកនាំដោយលោក សន កុសល អភិបាលរងក្រុងព្រះសីហនុសហការណ៍ជាមួយកម្លាំងមូលដ្ឋានបានប្រើវិធានការក្តៅដោយបានចាប់យកនូវសម្ភារៈមួយចំនួនយកមករក្សាទុកនៅសាលាក្រុង ដើម្បីចាត់ការទៅតាមនីតិវិធី ។
ថ្លែងក្នុងឪកាសនោះលោក សន កុសល អភិបាលរងក្រុងព្រះសីហនុបានអះអាងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងក្រោមបទបញ្ជារបស់លោក អ៊ី សុខឡេង អភិបាលក្រុងកម្លាំងចំរុះរបស់លោកតែងតែបានចុះធ្វើការណែនាំជាច្រើនលើកច្រើនសារដល់ពួកគាត់ ដែលតែងតែយកចំណីផ្លូវ ចិញ្ចើមថ្នល់ធ្វើជាកន្លែងលក់ គ្មានសណ្តាប់ធ្នាប់បង្កផលប៉ះពាល់ផ្លូវសាធារណ និងបង្កគ្រោះថ្នាក់ជាញឹកញាប់ ដោយពុំព្រមអនុវត្តន៍តាមការណែនាំរបស់មន្ត្រីជំនាញនោះទេ ទើបថ្ងៃនេះកម្លាំងចំរុះរបស់ខេត្តបានចុះស្ទួចរថយន្ត និងរុះរើតូបទាំងនោះ ដើម្បីយកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ។
លោក សន កុសល បន្តថា ចាប់ពីថ្ងៃនេះតទៅកម្លាំងជំនាញរបស់លោកនឹងចុះល្បាតគ្រប់ពេលវេលាមិនបណ្តោយឲ្យមានការតាំងលក់របស់របរផ្សេងៗ ធ្វើអ្វីប្រាស់ចាកអំពីច្បាប់តទៅទៀតបាននោះទេ បើទោះបីជាមានការតវ៉ា និងអន្តរាគមន៍យ៉ាងណាក៏ដោយ ។
ហេតុដូចនេះរូបលោកសូមអំពាវនាវយ៉ាងទទូចដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ មេត្តាគោរពច្បាប់ទាំងអស់គ្នា សូមមេត្តាលប់បំបាត់វប្បធម៌អន្តរាគមន៍ អាងអ្នកនេះ អាងអ្នកនោះ ព្រោះអ្វីៗក្នុងសង្គមរីកចំរើនទៅបាន គឺផ្តើមចេញពីយើងទាំងអស់គ្នា សូមចូលរួមទាំងអស់គ្នា រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ