រាជធានីភ្នំពេញ ៖ នៅពេលនិយាយដល់ជនជាតិជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន គឺប្រជាពលរដ្ឋខ្មែរស្គាល់ច្បាស់ និងចងចាំនូវទឹកចិត្តដែលរាជរដ្ឋាភិបាល និងប្រជាជននៃជាតិសាសន៍មួយនេះបាននឹងកំពុងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា និងផ្តល់ជំនួយលើគ្រប់វិស័យ ។ ជាមួយគ្នានោះផងដែរ គឺមានប្រជាពលរដ្ឋខ្មែរតិចតួចណាស់ ដែលបានដឹងថា អតីតមន្ត្រីប៉ូលិសជប៉ុនមួយរូប និងអតីតអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិបានតម្កល់នៅវត្តខ្មែរចំនួនពីរដាច់ដោយឡែកពីគ្នា ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនមិកាមិ ដែលជាឯកអគ្គរាជទូតថ្មីរបស់ជប៉ុននៅកម្ពុជាបានគោរពវិញ្ញាណក្ខន្ធលោកទាំងពីរនោះ គឺ លោកតាកាតា និងលោក ណាកាតា ។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន មិកាមិ បានអញ្ជើញទៅកាន់ទីតម្កល់ស្លាកវិញ្ញាណក្ខន្ធរបស់លោកហារឹយូគី តាកាតា នៅក្នុងវត្តតាំងកសាង និងទីតម្កល់ស្លាកវិញ្ញាណក្ខន្ធរបស់លោក អាត្សឹហ៊ីតុ ណាកាតា នៅក្នុងវត្តឧណ្ណាឡោម សូមបញ្ជាក់ថា លោក តាកាតា គឺជាអតីតមន្ត្រីប៉ូលិសជប៉ុនដែលត្រូវបានរដ្ឋាភិបាលជប៉ុនបញ្ជូនមកចូលរួមសកម្មភាពអ៊ុនតាក់នៅខេត្តបន្ទាយមានជ័យ ។
ចំណែកលោកណាកាតា គឺជាអតីតអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ និងបានធ្វើការជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់អ៊ុនតាក់នៅខេត្តកំពង់ធំ ។ អ្នកទាំងពីររូបត្រូវបានសម្លាប់ និងបាត់បង់ជីវិតកំឡុងបេសកកម្មរបស់ពួកគាត់នៅកម្ពុជា ។ ឯកឧត្តម មិកាមិ រំឮកដល់ការលះបង់របស់ពួកគាត់សម្រាប់សន្តិភាពនៃកម្ពុជា និងបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់ពួកគាត់ទៅកាន់សុគតិភព ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ