ក្នុងនាមជាសហគ្រិនក្នុងបរិស្ថានដែលផ្លាស់ប្តូរញឹកញាប់ និងមានភាពប្រកួតប្រជែងខ្លាំងនេះអ្នកប្រហែលជាមានទម្លាប់តាមដានមើលដៃគូប្រកួតប្រជែង និងប្រៀបធៀបខ្លួនជាមួយអ្នកដទៃ ។ ដោយហេតុដូចនេះសហគ្រិនជាច្រើនតែងជួបប្រទះនឹងអារម្មណ៍ច្រណែនសហគ្រិនដទៃ ។
ប្រាកដណាស់ អារម្មណ៍ច្រណែនពេលខ្លះវាមិនល្អឡើយ ប៉ុន្តែសហគ្រិនអាចយកវាដើម្បីជំរុញទឹកចិត្ត និងកម្លាំងខ្លួនវិញដែរ ។ ការស្រាវជ្រាវបានឲ្យដឹងថា ភាពច្រណែនក៏អាចជំរុញទឹកចិត្តមនុស្សបានដែរ ប្រសិនបើសហគ្រិនចេះឆ្លើយតបនឹងអារម្មណ៍នេះបានត្រឹមត្រូវ ។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗដែលចែករំលែកដោយលោក Joel Carnevale ដែលជាជំនួយការសាស្ត្រាចារ្យផ្នែកគ្រប់គ្រង ៖
១. យល់ពីភាពជោគជ័យ និងបរាជ័យរបស់អ្នកដទៃ ៖ ពេលដែលអ្នកមើលឃើញអ្នកដទៃជោគជ័យ វាពិតជាងាយណាស់ ក្នុងការគិតថា ពួកគេមិនដែលបរាជ័យ ឬជួបបញ្ហាច្រើនទេ ។ ប៉ុន្តែការគិតបែបនេះ គឺមិនល្អឡើយ ហើយវាក៏មិនពិតដែរ ។ អ្នកត្រូវចងចាំថា មនុស្សមានទម្លាប់ចែករំលែកដល់អ្នកដទៃពេលពួកគេជោគជ័យមិនមែនពេលបរាជ័យទេ ។ ការស្រាវជ្រាវបានឲ្យដឹងថា ពេលដែលអ្នកអាចទទួលយក់ទាំងភាពជោគជ័យ និងបរាជ័យរបស់សហគ្រិនដទៃវាអាចផ្តល់ជាការជំរុញទឹកចិត្តល្អមួយក្នុងការសម្រេចគោលដៅខ្លួន ។
២. ឆ្លុះបញ្ចាំងមើលភាពជោគជ័យរបស់ខ្លួន៖ ពេលដែលមានអារម្មណ៍ច្រណែនសហគ្រិនគួរតែឆ្លុះបញ្ចាំងពីភាពជិគជ័យរបស់ខ្លួនជាមុនសិន ។ ប្រសិនបើអ្នកជឿជាក់លើសមត្ថភាព និងជំនាញរបស់ខ្លួននោះការច្រណែនមិនអាចបង្កផលប៉ះពាល់ដល់អ្នកទេ ។ ផ្ទុយមកវិញវាអាចជំរុញឲ្យអ្នកចង់រៀនសូត្របន្ថែម និងពេលខ្លះថែមទាំងសុំមតិយោបល់ពីសហគ្រិនដទៃទៀតផង។
៣. ស្វែងរកឱកាសសហការ ៖ វាជាជម្រើសល្អមួយក្នុងការបង្កើតទំនាក់ទំនង និងសហការជាមួយនឹងសហគ្រិនដែលអ្នកច្រណែន ។ ការស្រាវជ្រាវបានឲ្យដឹងទៀតថា ប្រសិនបើអ្នកមើលឃើញមនុស្សម្នាក់ជាមនុស្សដែលគួរឲ្យជឿទុកចិត្ត និងអាចជួយអ្នកនោះអារម្មណ៍ច្រណែននឹងផ្តល់ជាកម្លាំងទឹកចិត្តឲ្យអ្នកខិតខំបន្ថែមច្រើនជាងជះឥទ្ធិពលអវិជ្ជមានដល់អ្នក ។ ប្រសិនបើអ្នកមិនអាចបង្កើតទំនាក់ទំនងល្អជាមួយនឹងសហគ្រិនដែលអ្នកច្រណែនទេនោះ អ្នកអាចសាកល្បងព្យាយាមមើលទៅពួកគេក្នុងផ្លូវល្អដែលជួយឲ្យអ្នកមានទស្សនៈវិជ្ជមានលើពួកគេជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ