មនុស្សដែលជោគជ័យនៅជុំវិញពិភពលោកនេះ ភាគច្រើនជាមនុស្សដែលតែងតែរៀនសូត្រមិនចេះឈប់ ។ ពួកគេយល់ថាការអប់រំ គឺជាទំនួលខុសត្រូវផ្ទាល់ខ្លួន ។ ការអបរំផ្លូវការជួយឲ្យអ្នកមានសមត្ថភាពចិញ្ចឹមជីវិត ប៉ុន្តែការអប់រំដោយខ្លួនឯងនឹងជួយឲ្យអ្នករកទ្រព្យសម្បត្តិបានច្រើន ។
មនុស្សម្នាក់ៗគួរតែមានការបើកទូលាយ និងត្រៀមខ្លួនសម្រាប់ការស្រូបយកគំនិត និងទស្សនៈថ្មីៗជានិច្ច ព្រោះវាជួយបង្កើនគំនិតច្នៃប្រឌិតការចេះដាក់ខ្លួន និងចេះដឹងគុណជាដើម ។
លោក Aytekin Tank ដែលជាសហគ្រិន ស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន JotForm បានឲ្យដឹងថា ចំណេះដឹងកាន់តែមានតម្លៃឡើងជាពិសេស នៅពេលដែលវាជំរុញដល់នវានុវត្ត និងបង្កើតបច្ចេកវិទ្យាថ្មីៗជាដើម ។ ដោយហេតុដូច្នេះការរៀនសូត្រប្រៀបបានជា ការវិនិយោគដ៏មានតម្លៃមួយសម្រាប់អាជីវកម្មរបស់អ្នក ។ ដើម្បីបន្តការសិក្សាដែលជួយដល់អាជីវកម្មលោកបានចែករំលែកគន្លឹះដែលសហគ្រិនអាចអនុវត្តជារៀងរាល់ថ្ងៃ ៖
១. ការធ្វើច្រំដែល ៖ ការរៀនសូត្រមានសារៈសំខាន់ ប៉ុន្តែមិនមាននរណាម្នាក់ដែលមានសមត្ថភាពក្នុងការចងចាំព័ត៌មានដែលទទួលបានទាំងស្រុងទេ ។ ដូច្នេះការមើល ឬអានឡើងវិញពីព័ត៌មានសំខាន់ៗជាច្រើនដងក្នុងកំឡុងពេលឃ្លាតគ្នាណាមួយ គឺជាវិធីរៀនសូត្រដ៏មានប្រសិទ្ធិភាព ។
២. ការគិតពិចារណា ៖ បន្ទាប់ពីការរៀនសូត្រខួរក្បាលរបស់មនុស្សត្រូវការពេលវេលាដើម្បីរៀបចំព័ត៌មានដែលទទួលបាន ។ ការសិក្សាបានបង្ហាញមកថា ការចូលដំណេកបន្ទាប់ពីរៀនពីអ្វីមួយជួយឲ្យខួរក្បាលទទួលយកព័ត៌មានបានល្អជាងអ្នកដែលចូលដំណេកមិនបានគ្រប់គ្រាន់ ។ មនុស្សជាច្រើនគិតថា ការរៀនសូត្រតម្រូវឲ្យមានការទន្ទិញ ប៉ុន្តែពេលខ្លះអ្នកត្រូវការពេល ដើម្បីសញ្ចឹងគិតឲ្យយល់ពីព័ត៌មានដែលទទួលយក ។
៣. ការបង្រៀន ៖ លោក Albert Einstein ធ្លាប់និយាយថា ប្រសិនបើអ្នកមិនអាចពន្យល់ពីអ្វីមួយឲ្យងាយយល់ទេ នោះអ្នកមិនយល់ពីវាច្បាស់លាស់ទេ ។ វិធីក្នុងការរៀនដែលល្អបំផុតពីនៅពេលដែលអ្នកព្យាយាមពន្យល់អ្វីដែលបានរៀនទៅមនុស្សដទៃ ។ អ្នកអាចចែករំលែកអ្វីដែលបានរៀនសូត្រទៅកាន់មនុស្សជុំវិញខ្លួន ឬក្រុមការងារអ្នកជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ