តើមានរឿងអ្វីកើតឡើងពេលដែលអ្នកចាប់ផ្តើមធុញទ្រាន់នឹងការងារ ឬអាជីវកម្មរបស់អ្នក ? វាជាសំណួរដែលពិបាកឆ្លើយមួយ សូម្បីតែសម្រាប់អ្នកដឹកនាំធំៗជុំវិញពិភពលោក ។ ពេលដែលមនុស្សខិតខំព្យាយាមសម្រេចគោលដៅ និងក្តីស្រមៃរបស់ខ្លួន ការលះបង់តែងតែកើត មានឡើង ដែលក្នុងនោះរួមមានពេលវេលា ចំណង់ចំណូលចិត្ត ឬវប្បធម៌ការងារជាដើម ។ ហើយតាមផ្លូវទៅរកការសម្រេចគោលដៅនោះ អ្នកក៏អាចចាប់ផ្តើមធុញទ្រាន់នឹងការងារ ឬអាជីវកម្មអ្នកដែរ ។
តើអ្នកគួរធ្វើដូចម្តេចពេលដែលជួបនឹងករណីនេះ ? អ្នកជំនាញបានណែនាំអោយអ្នកត្រូវតែសួរខ្លួនឯងពីសំណួរទាំង៣ខាងក្រោមនេះ ៖ ១. តើខ្ញុំត្រូវការអ្វីពីអាជីវកម្មរបស់ខ្ញុំ ?
ពេលដែលអាជីវកម្មរបស់អ្នកដើរទៅមុខហើយ និងមានអ្នកគាំទ្រច្រើន អ្នកប្រហែលជាតែងតែ សួរពីមតិយោបល់របស់អតិថិជន បុគ្គលិក ឬដៃគូសហការផ្សេងៗ រួចធ្វើការសម្របសម្រួលតាមតម្រូវការ ។ ប៉ុន្តែអ្នកក៏ត្រូវដឹងថា តម្រូវការរបស់អ្នកក៏មានសារៈសំខាន់ដែរ ។ មិនថា វាជាពេលវេលាសម្រាកបន្ថែម ឬភាពជោគជ័យទេ អ្នកគួរតែធ្វើបញ្ជីមួយដែលរាយពីតម្រូវការរបស់អ្នក រួចភ្ជាប់វាជាមួយនឹងតម្រូវការមនុស្សនៅជុំវិញអ្នក ។
២. តើខ្ញុំត្រូវការអ្វីពីក្រុមការងាររបស់ខ្ញុំ ?
សំណួរនេះ អាចមើលទៅអាត្មានិយម ប៉ុន្តែវាពិតជាសំខាន់ណាស់ ក្នុងការប្រាប់ពីតម្រូវការ របស់អ្នកទៅកាន់មនុស្សដែលអ្នកធ្វើការជាមួយ ។ ប្រសិនបើអ្នកចង់ស្រលាញ់អាជីវកម្មរបស់អ្នកវិញ អ្នកត្រូវចាប់ផ្តើមដោយនិយាយដោយស្មោះត្រង់ជាមួយនឹងក្រុមការងាររបស់អ្នក។
ពួកគេមានតួនាទីសំខាន់ក្នុងការជួយឲ្យអ្នកសម្រេចគោលដៅអ្នក និងដឹងពីអារម្មណ៍របស់អ្នកផងដែរ ។ ពេលដែលអ្នកចាប់ផ្តើមបើកទូលាយដល់ក្រុមការងារ ពួកគេនឹងធ្វើតាមដែរ ហើយក្រុមការងាររបស់ អ្នកនឹងកាន់តែជិតស្និតជាងមុនទៀតផង ។
៣. តើមានគំនិតចាស់ៗអ្វីដែលខ្ញុំត្រូវតែលះបង់ចោល ?
មនុស្សយើងតែងតែមានទស្សនៈមួយចំនួនដែលអាចធ្វើឲ្យយើងចាប់ផ្តើមធុញទ្រាន់នឹងការងារក្នុងដៃ ។ ទស្សនៈទាំងនោះមានដូចជា «ខ្ញុំត្រូវតែធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត ។ ខ្ញុំត្រូវតែទៅដល់ការិយាល័យមុនម៉ោង៨ ។ ខ្ញុំត្រូវតែអានអ៊ីមែលនៅម៉ោងសម្រាក ។ ខ្ញុំមិនអាចសុំឲ្យអ្នកដទៃជួយធ្វើការឲ្យខ្ញុំបានទេ ។ មានតែខ្ញុំទេដែលអាចបំពេញការងារនេះ ។ ខ្ញុំមិនទាន់ជោគជ័យទេ លុះត្រាតែខ្ញុំអាចរកបានលុយចំនួន…។»
ទស្សនៈទាំងនេះ គឺហួសសម័យកាលហើយ ។ នៅពេលដែលអ្នកប្រកាន់ខ្ជាប់ទស្សនៈទាំងនេះ ហើយអ្នកមិនអាចសម្រេចតាមអ្វីដែលអ្នកគិតបាននោះវាធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកបានប្រព្រឹត្តខុស ។ ប៉ុន្តែប្រសិនបើអ្នកចង់ចាកចេញពីគំនិតទាំងនេះអ្នកត្រូវតែពិចារណាឡើងវិញថា តើមានទស្សនៈអ្វីខ្លះដែលអ្នកត្រូវបោះបង់ចោល ? មានទស្សនៈណាដែលហួសសម័យកាល ? តើអ្នកគួរប្រកាន់ខ្ជាប់ទស្សនៈអ្វីដែលស្របតាមតម្លៃដែលអ្នកជឿជាក់ ? កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ