ប្រទេសអាហ្វហ្គានីស្ថាន ៖ មង្គលការមួយនៅក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃទី១៧សីហា បានក្លាយទៅជាសោកនាដកម្មធំមួយ ដោយសារការវាយប្រហារភេរវកម្មមួយដែលកើតមាន នាវេលាម៉ោង២២និង៣០នាទីម៉ោងក្នុងស្រុក។
អ្នកនាំពាក្យម្នាក់ របស់ក្រសួងមហាផៃ្ទអាហ្វហ្គានីស្ថាន លោកណាស្ត្រាតរ៉ាហ៊ីមីបញ្ជាក់ថា ការវាយប្រហារនេះនៅភាគខាងលិចក្រុងកាប៊ុលសម្លាប់មនុស្សយ៉ាងតិច៦៣នាក់ហើយមនុស្ស១៨២នាក់ទៀតរងរបួស។ ក្នុងចំណោមជនរងគ្រោះមាននារីនិងកុមារជាច្រើននាក់។ នោះជាការវាយប្រហារដ៏បង្ហូរឈាមបំផុតពុំធ្លាប់មានចាប់តាំងពីដើមឆ្នាំនេះមកនៅអាហ្វហ្គានីស្ថាន។
សាក្សីម្នាក់ដែលជាអ្នកចូលរួមក្នុងពិធីការនោះដែររៀបរាប់ថា ពេលខ្ញុំកំពុងស្ថិតនៅក្នុងរោងការខាងផ្នែកសម្រាប់នារី ក៏ស្រាប់តែឮស្នូរផ្ទុះយ៉ាងខ្លាំងមួយ ក្នុងផ្នែករោងការសម្រាប់បុរស។ មនុស្សម្នាភ័យនាំគ្នារត់ហើយស្រែកយប់។ កន្លែងការមានផ្សែងហុយពេញ ហើយអ្នកនៅក្នុងរោងការខាងផ្នែកបុរសត្រូវស្លាប់ឬរបួសរដូករណែល។
ចំណែកអ្នកនាំពាក្យម្នាក់របស់ពួកតាលីបង់នាព្រឹកថ្ងៃទី១៨សីហា បានបដិសេធការចូលរួមរបស់ក្រុមគេក្នុងការវាយប្រហារនេះ។ អ្នកនាំពាក្យរូបនោះនិយាយថា ពួកតាលីបង់ថ្កោលទោសយ៉ាងមឺុងម៉ាត់ ការវាយប្រហារភេរវកម្ម ប្រឆាំងជនសីុវិលនៅក្រុងកាប៊ុល ដោយអះអាងថាការវាយប្រហារបែបនេះ ជាការធ្វើឃាតយ៉ាងងងើលនិងសាហាវព្រៃផ្សៃ ដែលយកគោលដៅប្រឆាំងនារីនិងកុមារ ដែលគ្មានហេតុផលណាមួយលើកយកមកសម្អាងឡើយ។ សាខាក្រុមរដ្ឋអ៊ិស្លាមនៅអាហ្វហ្គានីស្ថាន ជាក្រុមភេរវកម្មមួយទៀតតែងប្រព្រឹត្តការវាយប្រហារភេរកម្មនានា អាចជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនោះ។
ការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១៧សីហា កើតមានខណៈពលរដ្ឋអាហ្វហ្គានីស្ថាន សង្ឃឹមលើការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយ រវាងសហរដ្ឋអាមេរិកនិងពួកតាលីបង់ ដែលនឹងបើកផ្លូវទៅរកការចរចាបង្រួបបង្រួមគ្នា រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងពួកតាលីបង់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ