ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា វេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី១១ ខែសីហានេះទឹកស្ទឹងសង្កែបានជន់ឡើងបន្ថែមទៀតរហូតទៅដល់១៣,៦០ម៉ែត្រ ដែលពីព្រឹកមានកម្ពស់តែ១៣,០០ម៉ែត្រ ។
លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានចេញការប្រកាសជាថ្មីម្តងទៀតដែលទឹកអាចមានការប្រកាសអាសន្ននៅពេលទឹកឡើងដល់១៤,០០ម៉ែត្រត្រូវទឹកស្ទឹងធាក់ចេញតាមលូវិញចូលមកក្នុងក្រុងបាត់ដំបងសំខាន់ផ្សារបឹងឈូក ។ លោកបានអំពាវនាវ សូមមានការប្រុងប្រយត្ន័ខ្ពស់ រដ្ឋបាលក្រុងបាត់ដំបង សូមជូនដំណឹងពីស្ថានភាពទឹកជំនន់ស្ទឹងសង្កែនៅវេលាម៉ោង២និង៤៥រសៀល ថ្ងៃនេះឡើងដល់កម្ពស់១៣.៦០ ម៉ែត្រហើយ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ។
ក្នុងថ្ងៃទី១១ សីហានេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Seyhak Bean បានសរសេរបង្ហោះរូបភាពនៃស្ពានឈើមានឈ្មោះថា (ស្ពានមនោរម្យ )ស្ថិតនៅឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានទឹកហូរផ្តួលស្ពានឈើមួយនេះរលំបាក់ ព្រោះតែកម្លាំងទឹកខ្លាំងគួបផ្សំស្ពានឈើនោះចាស់ទ្រុឌទ្រោមផង គឺជាស្ពានឈើបន្សល់ទុកមកតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ហើយវាជាមានប្រវត្តិអនុស្សាវរីយ៍ សម្រាប់អ្នករស់នៅឃុំពាមឯក ឬអ្នកដូនទាវនៃខេត្តបាត់ដំបងរបស់យើងនេះ ។
លោកឧត្តម្ភសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ បានចេញបទបញ្ជាដល់កម្លាំងទាហានដែលដឹកនាំដោយលោកវរសេនីយ៍ឯក ដួង តារា នាយករងសាលាពលទាហានទី៥ បានដឹកនាំកម្លាំងចំនួន១៩នាក់ ចុះជួយសង្គ្រោះប្រជាពលរដ្ឋនៅភូមិបត់សាលា ក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងបានចំនួន៥ខ្នងផ្ទះដែលត្រូវបានលិចទឹកនៅតាមមាត់ស្ទឹងផងដែរ ។
លុះល្ងាចម៉ោង៦និង០០នាទី កម្ពស់ទឹកបានចុះស្រកបន្តិចវិញ បើតាមលោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ប្រាប់ថា ទឹកស្រកនៅកម្ពស់១៣,៥០ម៉ែត្របន្តិចវិញ បើគ្មានភ្លៀងនៅតំបន់ប៉ែកខាងលើក្បាលស្ទឹងទេនោះយប់នេះទឹកអាចស្រកចុះ ហើយបញ្ចៀសបានគ្មានគ្រោះមហន្តរាយកើតឡើងក្នុងថ្ងៃនេះឡើយ ៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ