ជាទូទៅសហគ្រិនតែងជួបនឹងបញ្ហាជាច្រើនដូចជា កង្វះខាតធនធានសម្រាប់អាជីវកម្ម ការបរាជ័យ និងហានិភ័យការគិតមិនបានវែងឆ្ងាយ ឬការមិនបានរៀចចំផែនការបានដិតដល់ជាដើម ។ ប៉ុន្តែមានសត្រូវមួយដែលសហគ្រិនតែងតែជួបប្រទះ ខណៈដែលអ្នកនៅជុំវិញខ្លួនមិនអាចមើលឃើញបាន ។ សត្រូវនោះ គឺភាពឯកការ ។
ពេលដែលអ្នកក្លាយជាចៅហ្វាយរបស់ខ្លួនឯង អ្នកដើរចេញពីបរិស្ថានដែលអ្នកធ្លាប់តែធ្វើការសហការគ្នាជាមួយនឹងក្រុមការងាររបស់ខ្លួនជារៀងរាល់ថ្ងៃ និងចូលទៅកាន់បរិស្ថានមួយទៀតដែលមានសម្ពាធខ្ពស់ ព្រោះបុគ្គលិកដទៃក្នុងអាជីវកម្មរបស់អ្នកពឹងផ្អែកលើការសម្រេចចិត្ត និងផែនការរបស់អ្នក ។
សហគ្រិនដែលវ័យក្មេងវិញ ប្រហែលជាជួបនឹងស្ថានការនេះច្រើន ព្រោះតែកង្វះបទពិសោធន៍ ប៉ុន្តែពួកគេមិនមានភាពក្លាហានក្នុងការសុំជំនួយ ព្រោះពួកគេខ្លាចថា បុគ្គលិកបាត់បង់ភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនជាដើម ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺភាពឯកការបង្កើតជាបរិស្ថានមួយដែលពោរពេញទៅដោយការភ័យខ្លាច និងការមិនជឿជាក់ខ្លួនឯងសម្រាប់សហគ្រិន និងអាចជាចំណុចចាប់ផ្តើមនៃបរាជ័យ ។ ប្រសិនបើអ្នកជាសហគ្រិនមួយរូប អ្នកគួរតែសាកល្បងធ្វើតាមវិធីសាស្ត្រខាងក្រោម ដើម្បីឆ្លងកាត់សត្រូវគ្មានមុខនេះ ៖
១. ចូលរួមសមាគមន៍ ឬក្រុមសហគ្រិន ៖
ការចូលរួមក្នុងសមាគមន៍ ឬក្រុមសហគ្រិនអនុញ្ញាតឲ្យអ្នកបំភ្លេចការងារ និងតំណែងដែលអ្នកធ្លាប់មានពីមុនមក និងឲ្យអ្នកទទួលយកតំណែង និងសម្ពាធថ្មីដែលខ្លួនមានបានល្អប្រសើរជាងមុន ។ លើសពីនេះទៅទៀតអ្នកអាចស្គាល់សហគ្រិនដទៃដែលអាចមានស្ថានការដូចនឹងអ្នកដែរ និងចែករំលែកបទពិសោធន៍ ព្រមទាំងជួយគ្នាទៅវិញទៅមកពេលដែលជួបបញ្ហាទៀតផង ។
២. ស្វែងរកអ្នកណែនាំ៖
អ្នកណែនាំដែលនៅក្នុងវិស័យរបស់អ្នកអាចជួយឲ្យអ្នកកាត់បន្ថយភាពឯកការ និងពឹងផ្អែកបានពេលដែលជួបនឹងបញ្ហា ឬពេលដែលអ្នកបរាជ័យ និងបាត់បង់ជំនឿចិត្តលើខ្លួនឯង ។
៣. បង្កើតក្រុមផ្តល់ទីប្រឹក្សា៖
អ្នកមិនចាំបាច់រ៉ាប់រងសម្ពាធក្នុងការធ្វើការសម្រេចចិត្តតែម្នាក់ឯងទេ ។ អ្នកអាចបង្កើតក្រុមមួយដែលពោរពេញទៅដោយអ្នកជំនាញ និងមានបទពិសោធន៍ខ្ពស់ ក្នុងអាជីវកម្មរបស់អ្នក និងសួរមតិយោបល់របស់ពួកគេលើបញ្ហាធំៗដែលអ្នកមិនអាចដោះស្រាយម្នាក់ឯងបាន ។ មិនថា អ្នកជ្រើសយកវិធីសាស្ត្រណាមួយទេ អ្នកត្រូវចងចាំថា អ្នកមិននៅម្នាក់ឯងឡើយ បើទោះជាអ្នកជាមនុស្សដែលមានតំណែងខ្ពស់ជាងគេក្នុងអាជីវកម្មរបស់អ្នកពិតមែនក្តី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ