បន្ទាយមានជ័យ ៖ សេចក្តីរយការណ៍បឋមបានឲ្យដឹងថា ផ្ទះឈើប្រក់ស័ង្កសីត្រូវបានឆ្លងចរន្តអគ្គិសនីឆាបឆេះអស់ទាំងស្រុង និងទ្រព្យសម្បត្តិនៅពេលដែលម្ចាស់ចាក់សោទុកចោលដែលកើតឡើងនៅវេលាម៉ោង១១និង១៥នាទី ថ្ងៃទី០២ ខែសីហានេះ ស្ថិតភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
សេចក្តីរាយការណ៍បានបន្តថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានឈ្មោះ គឹម លាង ភេទប្រុស អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ហ៊ុន សុភី អាយុ៤៣ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា នៅពេលអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង គឺម្ចាស់ផ្ទះបានចាក់សោចោល ហើយរវល់ដើររាប់លុយ ហើយត្រូវបានអគ្គិភ័យឆាបឆេះអ្នកជិតខាងបានជួយពន្លត់ និងរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ពីកងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលយ៉ាងណាក៏ដោយក៏ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ។
លោកបានបញ្ជាក់ថា ៖ អគ្គិភ័យដែលឆាបឆេះផ្ទះបណ្តាលមកពីផ្ទុះសេខ្សែភ្លើងឆ្លងចរន្តឆាបឆេះអស់ទាំងស្រុងមានផ្ទះ១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ដែលមានបណ្តោយ៩ម៉ែត្រ និងទទឹង៥ម៉ែត្រ និងខូចខាតសម្ភារមានទឹកប្រាក់ចំនួន១០.០០០ដុល្លារ ទូរទស្សន៍៣គ្រឿង ទូរទឹកកក១គ្រឿង ម៉ាស៊ីនបោកខោអាវ១គ្រឿង ។
ប្រជាពលរដ្ឋបានកោតសសើរចំពោះក្រុមរថយន្តពន្លត់អគ្គិភ័យ និងកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងនគរបាលដែលបានជួយអន្តរាគមន៍ តែមិនអាចជួយបានទាំងស្រុង ប៉ុន្តែជួយពន្លត់ទប់ស្កាត់មិនអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ