ខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយអាត់ និងកម្លាំងប្រជាការពារក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុង បានចុះប្រតិបត្តិការឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យ៣នាក់ ពីបទរក្សាទុក និងចរាចរណ៍ដោយខុសច្បាប់នូវសារធាតុញៀនជាង៣គីឡូក្រាម ។
ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១ និង៤៨នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
កិច្ចប្រតិបត្តិការនោះត្រូវបានលោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឱ្យដឹងថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ដូចមាន ១-ឈ្មោះ ឡាច មុន្នី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ២-ឈ្មោះ ជា ហូស៊ីម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និង៣-ឈ្មោះ អ៊ឹម ឆៃលី ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ សមត្តកិច្ចបានរកឃើញ និងដកហូតវត្ថុតាងរួមមាន ១.សារធាតុញៀនប្រភេទ ICE ចំនួន៣ដុំ ស្មើនឹងជាង៣គីឡូក្រាម ២-រថយន្ត១គ្រឿង ៣-ជញ្ជីង១គ្រឿង ៤-កាបូបដៃមួយ ៥-កាបូបស្ពាយមួយ ៦-កាតគ្រីរថយន្ត៤សន្លឹក ៧-អត្តសញ្ញាណបណ្ណ២សន្លឹក ៨-ថង់ច្រកមួយចំនួន ៩-ស្លាកលេខរថយន្ត ២D-៨៥៧២ ចំនួន២សន្លឹក ១០-ខ្សែ.ក១ខ្សែ ១១-ចិញ្ចៀន១វង់ ១២-ទូរស័ព្ទដៃ១គ្រឿង ១៣-លុយខ្មែរ៨៦ម៉ឺនរៀល និងស្បោងពណ៌ខៀវ១ ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ