រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម ក្រសួងធនធានទឹកក្រើនរំលឹកឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងរយៈពេល១សប្តាហ៍នេះ ដើម្បីធានាការពារកុំអោយរងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ។ ប្រភពពីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នេះ ជ្រលងសម្ពាធទាបនៅតែបន្តអូសបន្លាយកាត់ពីអាងលើមេគង្គប្រទេសថៃ និងប្រទេសឡាវ ហើយបន្តមកលើប្រទេសកម្ពុជាដែលនឹងបង្កមានភ្លៀងធ្លាក់ក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ។
បាតុភូតនេះធ្វើឲ្យកម្ពុជាបន្តធ្លាក់ភ្លៀងរាយប៉ាយពេញផ្ទៃប្រទេសដូចជា ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី កោះកុង និងខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ។ ចំណែកខេត្តប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងរតនគិរី មានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ដោយខេត្តកំពត កែប តាកែវ កំពង់ស្ពឺ កណ្ដាល និងរាជធានីភ្នំពេ នឹងបន្តធ្លាក់ភ្លៀងក្នុងកម្រិតពីតិចទៅមធ្យមនឹងធ្វើឲ្យមានបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់បន្តកើតមានផងដែរ ។
ដូច្នេះសូមសាធារណជន មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខណៈលើផ្ទៃសមុទ្រចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែសីហា និងមានខ្យល់បោកខ្លាំង និងមានរលកខ្ពស់ក្នុងនោះស្ថាន ភាពទឹកទន្លេក៏ចាប់បន្តឡើងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ