ស្រុកព្រៃនប់ ៖ ពលរដ្ឋស្នើដល់ក្រសួងស្ថាប័ណ្ណពាក់ព័ន្ធជួយផ្តល់ភាពអនុគ្រោះណាមួយ ដោយអោយកែតម្រូវនៅត្រឹមមូលដ្ឋាន ជាមួយនិងការស្នើសុំកែអក្ខរាវិរុទ្ធ ដែលត្រួវបានមន្ត្រីចុះទៅស្រង់ ហើយសរសេរខុសឈ្មោះ នៅក្នុងអត្រានុកូលដ្ឋានច្បាប់ដើមជំនាន់មុន វាខុសឈ្មោះដែលពលរដ្ឋធ្លាប់ប្រើជាទូទៅ ហើយជាយូរណាស់មកហើយដែរ ។
លោកហ៊ុយ ចាន់ធួន ពលរដ្ឋនៅភូមិវាលមាស ឃុំវាលរេញ ឱ្យដឹងថា ទោះបីជាផ្លូវច្បាប់តម្រូវឱ្យសាមីខ្លួនកែដល់ថ្នាក់លើយ៉ាងណា លោកមិនហ៊ានជំទាស់ទេ តែក្នុងនាមពលរដ្ឋសូមសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងសូមមេត្តាផ្តល់ភាពអនុគ្រោះ ដល់ការស្នើសុំកែតម្រូវ ខុស ខ្វះឬលើសស្រះបន្តិចបន្តួច នៅក្នុងតួអង្គឈ្មោះ ដែលត្រូវបានកត់សរសេរចម្លងចូលក្នុងសៀវភៅច្បាប់ដើមទាំងពីរក្បាល ដែលមួយក្បាលត្រូវបានគេដឹងថា តម្កល់នៅក្រសួង និងមួយក្បាលទៀតតម្កល់នៅស្រុក និងក្បាលសន្លឹកសៀវភៅដើម ដែលចែកឱ្យពលរដ្ឋ ខ្លះខុសនិងឈ្មោះដែលពលរដ្ឋទូទៅ បានប្រើយូណាស់មកហើយ ។
មិនត្រឹមតែប៉ុណ្ណោះ រហូតឈ្មោះនៅក្នុងសៀវភៅដែលតម្កល់នៅស្រុក និងក្បាលសន្លឹកសៀវភៅដើមដែលចែកអោយពលរដ្ឋនោះវាខុសស្រះ នៅក្នុងតួអង្គឈ្មោះនោះទៅទៀត ដោយក្នុងសៀវភៅតម្កល់នៅស្រុកឈ្មោះផ្សេង និងនៅសន្លឹកសៀវភៅច្បាប់ ដែលចែកអោយពលរដ្ឋឈ្មោះយកទុកប្រើប្រាស់ឈ្មោះផ្សឹង តែខុសត្រឹមតែ លើស ឬក៏ខ្វះស្រះ ។
ពាក់ព័ន្ធបញ្ហានេះ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់បានឱ្យដឹងថា ចំពោះរឿងនេះ លោកមិនអាចសម្រេចកែតាមសំណូមពរពលរដ្ឋបានទេ ដោយតម្រូវអោយពលរដ្ឋដាក់ពាក្យស្នើសុំកែតម្រូវតាំងពីមូលដ្ឋានរហូតដល់ក្រសួងទើបអាចបាន ព្រោះសៀវភៅច្បាប់ដើមមានពីរក្បាល មួយតម្កល់នៅស្រុក មួយទៀតនៅក្រសួង កាលណាកែនៅស្រុកវាខុសនិងសៀវភៅនៅក្រសួង ដូចនេះស្រុកមិនអាចសម្រេចបានឡើយ ។
សូមបញ្ជាក់ថា តាមមន្ត្រីពាក់ព័ន្ធនិងអត្រានុកូលដ្ឋាននេះ បានបង្ហើបដោយសុំមិនបញ្ចេញឈ្មោះថា ការខុស ស្រះនៅក្នុងតួអង្គឈ្មោះនៅក្នុងអត្រានុកូលដ្នានជំនាន់មុន គឺមានច្រើនគ្នាណាស់ ដែលជួបបញ្ហានេះ ដោយខ្លះឈ្មោះស្រះអុ សរសេរដាក់ស្រះអួរ ខ្លះក្នុងសៀវភៅច្បាប់ដើមកម្កល់នៅស្រុកឈ្មោះអត់មានត្រីស័ព្វ ឧ.(ហួយ) ឈ្មោះនៅក្នុងសន្លឹកសៀវភៅច្បាប់ដើមដែលចែកអោយពលរដ្ឋទុកប្រើប្រាស់មានត្រីស័ព្វ ឧ.(ហ៊ួយ) ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ