មនុស្សយើងភាគច្រើនមិនតែងតែទៅធ្វើការ ព្រោះតែស្រលាញ់ការងារទេ តែដើម្បីប្រាក់ចំណូល ។ ប្រាកដណាស់ លុយ គឺជាកត្តាសំខាន់នៃជម្រើសការងាររបស់មនុស្សម្នាក់ៗ ។ ប៉ុន្តែប្រសិនបើអ្នកមានឱកាសក្នុងការបង្កើនប្រាក់ចំណូល តើអ្នកនឹងប្តូរការងាររបស់អ្នកឬទេ ? ដើម្បីជួយឲ្យអ្នកឆ្លើយនឹងសំណួរនេះ អ្នកគួរតែពិចារណាលើចំណុចសំខាន់ៗខាងក្រោមសិន ៖
១. អត្ថប្រយោជន៍បុគ្គលិក
មនុស្សមួយចំនួនត្រូវបានទាក់ទាញឲ្យប្តូរការងារ ព្រោះតែមើលឃើញប្រាក់បៀវត្សរ៍ខ្ពស់ជាងកន្លែងច្បាស់តែភ្លេចប្រៀបធៀបអត្ថប្រយោជន៍ដែលកន្លែងធ្វើការទាំងពីរផ្តល់ ។ ឧទាហរណ៍ដូចជា កន្លែងធ្វើការចាស់ផ្តល់ប្រាក់បៀវត្សរ៍ទាបជាងកន្លែងថ្មី១០០ដុល្លារ ប៉ុន្តែពួកគេមានផ្តល់ជាអាហារពេលព្រឹក និងថ្ងៃត្រង់ជូនបុគ្គលិកជារៀងរាល់ថ្ងៃជាដើម ដូច្នេះបុគ្គលិកមិនចាំបាច់ចំណាយបន្ថែមលើថ្លៃអាហារឡើយ ។
លើសពីនេះទៅទៀត តើអ្នកបានស៊ើបសួរច្បាស់ ឬនៅទាក់ទិននឹងបរិស្ថានធ្វើការកន្លែងថ្មី? តើវាមានភាពប្រកួតប្រជែងខ្លាំងឬទេ ឬក្រុមហ៊ុនថ្មីរបស់អ្នកមានផ្តល់ការហ្វឹកហាត់ផ្សេងៗដែលជួយដល់បុគ្គលិកច្រើនឬទេ ?
២. ការចំណាយប្រចាំថ្ងៃ
អ្នកត្រូវសួរខ្លួនឯងថា តើការងារថ្មីរបស់អ្នកតម្រូវឲ្យអ្នកបង្កើនការចាយវាយប្រចាំថ្ងៃឬទេ ? ឧទាហរណ៍ដូចជា ទីតាំងធ្វើការមានចម្ងាយឆ្ងាយជាងមុន ដែលតម្រូវឲ្យអ្នកងើបពីព្រឹកជាងមុន ឬឲ្យអ្នកចាយវាយលើថ្លៃសាំងច្រើនជាងមុនជាដើម ។
៣. ការងារនៅកន្លែងថ្មី
ប្រសិនបើអ្នកចង់ផ្លាស់ប្តូរទៅធ្វើការងារដែលផ្តល់ប្រាក់បៀវត្សរ៍ច្រើនជាងមុន អ្នកក៏ត្រូវតែយល់ដឹងច្បាស់ពីការងារដែលពួកគេចង់ឲ្យអ្នកបំពេញសម្រាប់ពួកគេដែរ ។ ឧទាហរណ៍ដូចជាក្រុមហ៊ុនថ្មីតម្រូវឲ្យអ្នកធ្វើការច្រើនជាង៤០ម៉ោងក្នុងមួយសប្តាហ៍ជាដើម ឬអ្នកត្រូវបំពេញកិច្ចការចម្រុះខុសពីកុងត្រាការងារជាដើម ។
៤. តើអ្នកអាចបង្កើនប្រាក់បៀវត្សរ៍នៅកន្លែងចាស់ទេ ?
ប្រសិនបើអ្នកស្រលាញ់ការងារកន្លែងចាស់ ប៉ុន្តែប្រាក់បៀវត្សរ៍ទាបមិនគ្រប់គ្រាន់សម្រាប់ជីវភាពរស់នៅរបស់អ្នក អ្នកគួរតែសាកសួរសិនថា ពួកគេអាចតម្លើងប្រាក់បៀវត្សរ៍ជូនអ្នក ឬទេ ។
ប្រសិនបើអ្នកជាបុគ្គលិកដ៏មានតម្លៃមួយក្នុងក្រុមហ៊ុន ឬស្ថាប័នរបស់អ្នកពួកគេក៏មិនចង់បាត់បង់អ្នកដែរ ដូច្នេះអ្នកមិនគួរលាក់ទុកឡើយ ប្រសិនបើអ្នកចង់ស្នើដល់ខាងក្រុមហ៊ុន និងស្ថាប័នឲ្យតម្លើងប្រាក់បៀវត្សរ៍ខ្លួន ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ