សម្រាប់អ្នកដែលចង់ជោគជ័យក្នុងផ្នែកលុយ អ្នកប្រហែលជាធ្លាប់លឺដំបូន្មានជាច្រើនពីអ្នកដែលស្គាល់គ្នា និងអ្នកដែលជោគជ័យផ្សេងៗ ។ ពេលខ្លះដំបូន្មានដែលអ្នកលឺប្រហែលជាខ្វែងគ្នាផងដែរ និងខ្លះទៀតមិនសមហេតុសមផលឡើយ ។ ដើម្បីកាត់បន្ថយការស្មុគស្មាញខាងក្រោមនេះ គឺជាដំបូន្មានពីមហាសេដ្ឋីធំៗជុំវិញពិភពលោកដែលអ្នកមិនគួរមើលរំលង ៖
១. ត្រួតពិនិត្យការចាយវាយ
អ្នកដែលមានអាយុខ្ទង់២០ និង៣០ឆ្នាំ ប្រហែលជាមានសម្ពាធខ្លាំងក្នុងការតាមមិត្តភក្តិដូចជាក្នុងការទិញរថយន្ត ឬទិញផ្ទះជាដើម ។ ប៉ុន្តែប្រសិនបើអ្នកមិនមានសមត្ថភាពដូចមិត្តដទៃទេ អ្នកមិនគួរធ្វើតាមគេឡើយ ។ វិធីមួយដែលអ្នកអាចអនុវត្ត ដើម្បីជៀសវាងបញ្ហានេះ គឺធ្វើគម្រោងច្បាស់លាស់ពីការចាយវាយរបស់ខ្លួន និងត្រួតពិនិត្យនិងតាមដានការចាយវាយ ។ អ្នកស្រី Katie Brewer ដែលជាអ្នករៀបចំគម្រោងហិរញ្ញវត្ថុម្នាក់បាននិយាយថា ប្រសិនបើអ្នករកប្រាក់ចំណូលបានច្រើន អ្នកមានសេរីភាពក្នុងការចាយវាយ ប៉ុន្តែវាមិនមានន័យថា អ្នកអាចចាយរហូតដល់វាលើសចំណូលអ្នកទេ ។
២ . កុំសន្សំលុយច្រើនពេក
ការសន្សំ គឺជារឿងសំខាន់មួយ ប៉ុន្តែបើអ្នកសន្សំពេកនោះអ្នកមិនអាចជួយបង្កើនទ្រព្យសម្បត្តិបានលឿនទេ ។ អ្នកស្រី Brewer បានបន្តថា អ្នកនឹងបាត់បង់ឱកាសក្នុងការរកប្រាក់ចំណូលប្រសិនបើអ្នកទុកលុយមិនធ្វើអ្វី ជាពិសេសប្រសិនបើធនាគាររបស់អ្នកមិនផ្តល់អត្រាការប្រាក់ខ្ពស់ ។
៣. តែងតែទិញធានារ៉ាប់រង
Beth Kobliner ដែលជាអ្នកនិពន្ធសៀវភៅមួយរូបបាននិយាយថា ធនារ៉ាប់រង គឺជាកត្តាសំខាន់ជាងគេក្នុងផ្នែកហិរញ្ញវត្ថុព្រោះ វាជួយការពារអ្នកពីឧបទ្ទវហេតុ ឬជំងឺដែលមើលមិនឃើញ និងការពារមិនឲ្យក្រុមគ្រួសារអ្នកជួបនឹងបញ្ហាប្រសិនបើមានវិបត្តិ ឬគ្រោះថ្នាក់អ្វីផងដែរ ។
៤ . ត្រូវចេះអត់ធ្មត់
លោក Tony Robbins ដែលជាអ្នកនិពន្ធម្នាក់បានសួរលោក Warren Buffett ដែលជាមហាសេដ្ឋីមួយរូបកាលពីប៉ុន្មានឆ្នាំមុនថា កត្តាអ្វីដែលជួយដល់លោកឲ្យក្លាយជាមហាសេដ្ឋី ? លោក Buffet បានឆ្លើយតបថា កត្តាបីយ៉ាង គឺការរស់នៅក្នុងសហរដ្ឋអាមេរិកដែលផ្តល់ឱកាសច្រើនមានហ្សែនល្អ និងចំណាប់អារម្មណ៍ច្រើន ។
លោកបាននិយាយក្នុងបទសម្ភាសន៍មួយថា« កត្តាធំជាងគេទាក់ទិននឹងការរកលុយ គឺពេលវេលា ។ អ្នកមិនចាំបាច់ត្រូវឆ្លាតវៃទេ អ្នកត្រូវតែមានភាពអត់ធ្មត់។» កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ