រាជធានីភ្នំពេញ ៖ ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ១៤៥គ្រួសារ រស់នៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជាមួយយោធាមូលដ្ឋានកងការពារអាកាសវរៈលេខ៩១ បានអូសបន្លាយពេលជិត២០ឆ្នាំមកហើយនៅតែគ្មានការដោះស្រាយ ខណៈអ្នកភូមិនៅតែប្រកាន់ចិត្តធ្វើការតវ៉ារាប់ដងមិនអស់ឡើយ ប៉ុន្តែមិនអាចរកដំណោះស្រាយចេញទាល់តែសោះ និងនៅតែបន្តភាពរ៉ាំរ៉ៃរហូតមកដល់សព្វថ្ងៃនេះ ។
ជាថ្មីម្តងទៀត នាព្រឹកថ្ងៃទី១៧ ខែមិថុនា អ្នកភូមិចំនួន៣៥គ្រួសារតំណាងឲ្យ១៤៥គ្រួសារបានផ្ទុះការតវ៉ាជាថ្មីម្ដងទៀត ដោយពួកគាត់អះអាងថា ក្រុមយោធាកំពុងធ្វើសកម្មភាពចាក់ដីលុបស្រះទំនាស់ដែលមិនទាន់មានដំណោះស្រាយនៅឡើយនោះដើម្បីពុះជាឡូត៍លក់ ។ មិនតែប៉ុណ្ណោះ អ្នកភូមិថែមទាំងបានលើកគ្នាទៅធ្វើការរារាំងសកម្មភាពចាក់ដីនោះដល់ទីតាំងក្បែរបន្ទាយយោធាខាងលើ ដែលស្ថិតនៅជាប់ភូមិរបស់ពួកគាត់ផងដែរ ។ ពួកគាត់បញ្ជាក់ថា ដីដែលកំពុងមានទំនាស់ដ៏រ៉ាំរ៉ៃជិត២០ឆ្នាំមកនេះ មានទំហំ៤៣.០៧៥ម៉ែត្រការ៉េ ដែលក្រសួងការពារជាតិបានរៀបចំប្រគល់ឱ្យតំណាងប្រជាពលរដ្ឋ៣៥គ្រួសារ ។
អ្នកភូមិបានរំឭកពីប្រវត្តិដីទំនាស់នេះថា កាល ពីឆ្នាំ១៩៨៧ យោធាខាងលើបានស្នើសុំខ្ចីដីពីពួកគាត់ទំហំសរុបជាង៩ហិកតា ធ្វើជាមូលដ្ឋានកងទ័ពឈរជើងការពារដែនអាកាសជាបណ្ដោះអាសន្នដោយសន្យាថា នឹងប្រគល់មកឲ្យវិញនៅពេលអ្នកភូមិត្រូវការ ។ ដោយសារតែមានការសន្យាបែបនេះហើយ ទើបពួកគាត់យល់ព្រមឲ្យខ្ចីដោយមិនបានគិតថា យោធាមិនគោរពពាក្យសន្យាបែបនេះឡើយ ។ លុះដល់ឆ្នាំ២០០២ ពួកគាត់បានទាមទារយកដីមកវិញដើម្បីចែកកូនចៅក្នុងភូមិ ដែលខ្លះមានប្ដីមានប្រពន្ធត្រូវបែកគ្រួសារសម្រាប់រស់នៅ ស្រាប់តែយោធាមិនព្រមប្រគល់ឲ្យវិញឡើយ ។
ប្រភពដដែលបន្តថា ខណៈនោះពួកគាត់បានលើកគ្នាធ្វើការតវ៉ាតតាំងជាមួយយោធាដែល កាលណោះមានលោក សុខ ប៉ាង ជាមេបញ្ជាការកងទ័ពវរៈលេខ៩១នោះ ហើយការតវ៉ានេះ ក៏មានអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមនឹងក្រសួងការពារជាតិផង បានចូលរួមដោះស្រាយជាបន្តបន្ទាប់ ។ ក្រោយមក យោងតាមចំណាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រុមការងាររួមមាន ក្រសួងការពារជាតិ សាលារាជធានីភ្នំពេញ សាលាខណ្ឌដង្កោ សាលាសង្កាត់ចោមចៅ បានបែងចែកដីនោះជា៣ចំណែកគឺ ៖ ទី១-កាត់ដីទំហំជាង៣ហិកតាជូនទៅគ្រួសារកងទ័ពនៅជុំវិញបន្ទាយចំនួន១២៤គ្រួសារ ថែមទាំងផ្ដល់ជូនប័ណ្ណកម្មសិទ្ធិផងដែរ ទី២-កាត់ដីទំហំ៤៣.០៧៥ម៉ែត្រការ៉េប្រគល់ជូនពួកគាត់៣៥គ្រួសារតំណាងឲ្យ១៤៥គ្រួសារ និងទី៣-ដីដែលនៅសល់ទំហំជាង១០.០៤០ម៉ែត្រការ៉េ ប្រគល់ជូនទៅកងទ័ពរួមជាមួយដី២ហិកតាកន្លះ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ។
ប្រភពខាងលើបន្តថា បន្ទាប់ពីមានការឯកភាពគ្នានោះ ពួកគាត់សង្ឃឹមថារឿងទំនាស់នឹងត្រូវបញ្ចប់ទាំងស្រុង លែងមានការអូសបន្លាយពេលទៀតហើយ ។ ប៉ុន្តែការគិតគឺខុសស្រឡះដោយសារតែនៅរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះដល់ពេលប្រគល់ ហើយអ្នកតំណាងត្រូវយកប័ណ្ណកម្មសិទ្ធិជូនដល់គ្រួសារកងទ័ពនិងប្រជាពលរដ្ឋ៣៥គ្រួសារ ស្រាប់តែខកខានឈប់ដោះស្រាយទៅវិញ ។
ពួកគាត់មិនបានដឹងពីមូលហេតុអ្វីឡើយ ហើយយោធាបានកាត់ដីនោះលក់និងចាក់ដីរំលោភជាបន្តបន្ទាប់ លុះពេលពួកគាត់តវ៉ាក៏ផ្អាកសកម្មភាព ដល់ពេលស្ងប់ស្ងាត់បន្តិចក៏ចាប់ផ្ដើមចាក់ដីរុករានបោះបង្គោលយក ដូចជាពេលនេះជាដើម គឺបានចាក់ដីលុបស្រះទឹកដើម្បីពុះជាឡូត៍លក់ ។ ពេលឃើញបែបនេះ ពួកគាត់បានលើក គ្នារារាំងនិងតវ៉ា និងត្រូវបានខាងយោធានិយាយថា ការចាក់ដីនេះមានការអនុញ្ញាតពីសំណាក់អាជ្ញាធរភូមិ សង្កាត់ និងខណ្ឌ ។
ភ្លាមៗនោះពួកគាត់បានសួរទៅខាងអាជ្ញាធរខាងលើ ប៉ុន្តែអាជ្ញាធរប្រាប់ថា មិនបានដឹងឬអនុញ្ញាតឲ្យយោធាចាក់ដីឡើយ ។ ទាក់ទិនទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីខាងយោធាបានឡើយ ។ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ក៏បានទៅកាន់ទីនោះធ្វើការសម្របសម្រួលទប់ស្កាត់ ក្រែងមានអំពើហិង្សាណាមួយកើតឡើងជាយថាហេតុ ដោយរង់ចាំការសម្រេចពីថ្នាក់លើ ៕
ចែករំលែកព័តមាននេះ