ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ចំនួន១២នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ពុត លី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋឈ្មោះ ឈឹម សេងហាក់ នៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលចាស់ទ្រុឌទ្រោម ដោយសារកណ្ដៀរស៊ី ធ្វើឲ្យពុកបាក់មួយផ្នែកធំមិនអាចរស់នៅបានខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ ។ ម្យ៉ាងវិញទៀតគ្រួសារខាងលើនេះខ្វះកម្លាំងពលកម្ម និងពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយថវិការជួលគេរុះរើ ។
លោកវរសេនីយ៍ឯក ពុធ លី បានជម្រាបជូនថា កន្លងមកនេះកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់លោកមេបញ្ជាការឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ក្រៅពីការងារស្នូលបង្ក្រាបបទល្មើស ការពារថ្នាក់ដឹកនាំ ការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមភូមិឃុំមានសុវត្ថិភាព គឺនៅបានចូលរួមការងារមនុស្សធម៌ ការងារសង្គមដូចជា ជួយរំដោះប្រជាពលរដ្ឋពេលមានទឹកជំនាន់លេចភូមិដ្ឋានម្ដងៗជួយច្រូតស្រូវ និងជួយសង់ផ្ទះប្រជាពលរដ្ឋជាដើម ។
ជាក់ស្ដែងថ្ងៃនេះដោយទទួលបានបទបញ្ជាពីលោកមេបញ្ជាការផ្ទាល់លោកបានដឹកនាំកម្លាំងចំនួន១២នាក់មកជួយរុះរើផ្ទះប្រជាពលរដ្ឋឈ្មោះឈឹម សេងហាក់ នៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលខ្វះកម្លាំងពលកម្ម ។ លោកឲ្យដឹងដែរថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ដែលជាថ្ងៃហូបនំបញ្ចុកតេជោសន្តិភាពសាមគ្គីភាព និងឯកភាពជាតិ ជាមហាគ្រួសារទូទាំងប្រទេសនោះ កម្លាំងកងរាជអាវុធហត្ថខេត្តបានចូលរួមជួយលើកផ្ទះសាងសង់ថ្មីជូនប្រជាពលរដ្ឋមួយគ្រួសារនៅសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ផងដែរ ។ នេះ គឺជាវប្បធម៌ជួយគ្នាទៅវិញទៅមករវាងកងកម្លាំងប្រដាប់អាវុធជាមួយប្រជាពលរដ្ឋ តាមការណែនាំរបស់ថ្នាក់ដឹកនាំឲ្យធ្វើតែអំពើល្អកន្លងមកនេះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ