រាជធានីភ្នំពេញ ៖ រថយន្ដតាកូម៉ាបើកបរដោយជនជាតិចិនរវល់ងាកមើលស្រីស្អាតមិនបានបន្ថយល្បឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងរួចទើបចាប់ហ្វ្រាំងធ្វើឱ្យរថយន្ដមួយគ្រឿងទៀតបើកពីក្រោយបុកគូទផាំងជ្រុលទៅបុកម៉ូតូបន្ថែមទៀតបណ្ដាលឱ្យខូចខាតយ៉ាងដំណំ តែអ្នកបើកបរបានលោតចេញពីម៉ូតូមិនមានរងរបួសទេ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៥ មីនា នៅខាងមុខអាត្លង់ទិកក្លឹបតាមបណ្តោយផ្លូវលេខ២១៥កែង៣៣៦ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូសង់កូរ៉េ ពណ៌ក្រហម ជិះគ្នា២នាក់ តាមផ្លូវលេខ៣៣៦ ពីកើតទៅលិច ខណៈមកដល់ផ្លូវកែង២១៥បានបត់ស្ដាំ ស្រាប់តែមានរថយន្ដតាកូម៉ា ពណ៌ខ្មៅ បើកបរដោយជនជាតិចិន តាមផ្លូវលេខ២១៥ ពីជើងទៅត្បូង។ លុះមកដល់ផ្លូវកែង៣៣៦ មុខអាត្លង់ទិកក្លឹប រវល់តែងាកមើលស្រីស្អាត មិនបានបន្ថយល្បឿនធ្វើឱ្យអ្នកបើកម៉ូតូសង់កូរ៉េឃើញដូច្នេះនាំគ្នាផ្ដួលម៉ូតូចោលលោតចេញពីម៉ូតូហើយរថយន្ដក៏ជ្រុលចង្កូតទៅបុកម៉ូតូសង់កូរ៉េនោះ រួចទើបចាប់ហ្វ្រាំង។ ប្រភពដដែលបន្ដទៀតថា ស្របពេលរថយន្ដតាកូម៉ាចាប់ហ្វ្រាំងមានរថយន្ដមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ បើកពីក្រោយជ្រុលចង្កូតទៅបុកគូទរថយន្តតាកូម៉ារុញទៅបុកម៉ូតូសង់កូរ៉េបន្ថែមទៀត បណ្តាលឱ្យរថយន្ដតាកូម៉ាបែកស្ដុបក្រោយខាងឆ្វេង និងធ្លាក់កាងក្រោយ ចំណែករថយន្ដមួយគ្រឿងទៀត ខូចខាតផ្នែកខាងមុខត្រូវបាននគរបាលឃាត់ភ្លាមទាញខ្នើយដេកក្នុងរថយន្ដតែម្ដង ដោយសារតែស្រវឹងជោកជាំពេក។
ក្រោយពេលកើតហេតុនគរបាលចយករថយន្ដទាំងពីរគ្រឿងនិងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោក ដើម្បីធ្វើការដោះស្រាយបន្ដទៀត៕
ចែករំលែកព័តមាននេះ