ខេត្តកណ្តាល ៖ ក្នុងការស្រាវជ្រាវស៊ើបអង្កេតអស់រយៈពេល០៤ថ្ងៃ នគរបាលស្រុកខ្សាច់កណ្តាលសហការជាមួយកម្លាំងការិយាល័យព្រហ្មកម្រិតស្រាល រាជធានីភ្នំពេញបានបំបែកសំណុំរឿងលួចមានស្ថានទម្ងន់ ដោយក្រុមចោរបានធ្វើសកម្មភាពជិះម៉ូតូដេញធាក់ រួចកាប់ជនរងគ្រោះយកម៉ូតូបានសម្រេច ។ ហេតុការណ៍នេះបានកើតហេតុថ្ងៃទី១៣ ឧសភានេះវេលាម៉ោង២២និង០០នាទី ចំណុចភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ។
ជនរងគ្រោះ០១នាក់ឈ្មោះម៉ឺន សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (មានរបួសស្នាម កែងដៃឆ្វេង០១កន្លែង និងបាតដៃទាំងសងខាង) ។ ជនសង្ស័យ០៣នាក់ ទី០១ឈ្មោះ ផល ពិសិដ្ឋ ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិបឹងកំពិល ខេត្តត្បូងឃ្មុំ បច្ចប្បន្នស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន) ទី០២ ឈ្មោះឃាត វិចិត្រ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិចង្វា ឃុំគងជ័យ ខេត្តត្បូងឃ្មុំ (គេចខ្លួន) ទី០៣ឈ្មោះ វុទ្ធី សំអូន ហៅប៊ុម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ(គេចខ្លួន) ។
ចំណែកសម្ភារបាត់បង់មានម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ផ្លាកលេខ ភ្នំពេញ 1FU-4085 លេខម៉ាស៊ីន និងលេខតួ ៩៥៥៧៤១៥ ។ នគរបាលស្រុកខ្សាច់កណ្តាលបានអោយដឹងថា នៅថ្ងៃទី១៣ ឧសភា ២០១៩ម៉ោង២០និង៤០នាទី ជនរងគ្រោះជិះម៉ូតូម្នាក់ឯងចេញពីបុណ្យនៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ត្រឡប់មកផ្ទះវិញ ។ ដល់វេលាម៉ោង២២និង០០នាទីថ្ងៃដដែល ពេលជនរងគ្រោះជិះម៉ូតូមកដល់ភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ស្រាប់តែជនសង្ស័យទាំង០៣នាក់ជិះម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ បើកភ្លើងឡាហ្សែ ជិះវ៉ាពីក្រោយជនរងគ្រោះពេលជិះទន្ទឹមគ្នា ជនសង្ស័យឈ្មោះវុទ្ធី សំអូន បានធាក់ម៉ូតូជនរងគ្រោះផ្តួលទៅលើដី ហើយឈ្មោះ ឃាត វិចិត្រ បានចុះពីលើម៉ូតូកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសស្នាម រួចលើកម៉ូតូជិះគេចទៅខេត្តព្រៃវែង។
លុះដល់ថ្ងៃទី១៧ ឧសភា ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលសហការជាមួយកម្លាំងស្នងការរាជធានីភ្នំពេញបានឃាត់ជនសង្ស័យឈ្មោះផល ពិសិដ្ឋ នៅរាជធានីភ្នំពេញ ។ ដល់ថ្ងៃទី១៨ ឧសភា ២០១៩ ការិយាល័យព្រហ្មកម្រិតស្រាលរាជធានីភ្នំពេញបានប្រគល់ជនសង្ស័យឈ្មោះផល ពិសិដ្ឋ ឲ្យអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ