ក្នុងពិធីមង្គលការមួយដ៏អធិកអធមនៅកោះពេជ្រ…តុអាហារមួយមានសុទ្ធតែម្ចាស់ហាងតូចៗល្មម…បានជួបជុំគ្នាយ៉ាងរីករាយសប្បាយ និយាយពីនេះពីនោះ…ស្រាប់តែដាច់ភ្លើងស្ងាត់មាត់ឈឹង…ប្រមាណ៥នាទីក្រោយប៉ុណ្ណោះឆេះវិញ ។
ម្ចាស់ហាងកាហ្វេទំនើបមួយចាប់ផ្តើមនិយាយ…ឆេះវិញនេះជាភ្លើងម៉ាស៊ីនទេ មិនមែនភ្លើងរដ្ឋទេ…ម៉េចឮសម្លេងម៉ាស៊ីនភ្លើងទេ…ហាងគេធំៗអីចឹងគេមានម៉ាស៊ីនភ្លើងសឺគួរស្រេចហើយ មិនលក់មុខមាត់ទេ ។
ម្ចាស់ហាងកាហ្វេមួយទៀតនិយាយកាត់ភ្លាម…ហាងខ្ញុំឱ្យតែភ្លើងដាច់ ខឹងណាស់…មួយថ្ងៃៗបារម្ភជាងគេភ្លើងដាច់…ឱ្យតែភ្លើងដាច់ងិតឈឹង…សមឯងអត់ម៉ាស៊ីនភ្លើងផង…ភ្ញៀវចាប់ផ្តើមចេញហូរហែ…ឱ្យតែដាច់ភ្លើងដូចដាច់ខ្យល់…មិនដឹងឆ្នាំចែត្រណាមានភ្លើងជាប់លាប់ទេយើង ។
ម្ចាស់ហាងលក់ស្បែកជើងម្នាក់និយាយបន្ត…ខ្ញុំក៏អីចឹងដែរ…ម្ង៉ៃៗគិតជាងគេរឿងភ្លើង…ឱ្យតែភ្លើងដាច់ដូចបិទទ្វារហាង…មានភ្ញៀវណាចេញចូល បើខ្ញុំប្រើអំពូលអាគុយបណ្តោះអាសន្ន…។ មិនខ្វះលុយទិញម៉ាស៊ីនភ្លើងទេ…តែមិនដឹងដាក់វាណា? បើហាងមួយច្រកតូច…ម្ល៉ោះហើយពេលដាច់ភ្លើងគឺពេលបិទ
ហាង ។
ចំណែកម្នាក់ទៀតទំនងជាមន្ត្រីដែលមានសាច់ញាតិធ្វើការនៅអគ្គិសនីកម្ពុជានិយាយភ្លាមថា…តាមខ្ញុំដឹងខាង អឺដេសេ (EDC) កំពុងស្ថាបនាអនុស្ថានីយ២-៣កន្លែងទៀត…ពេលធ្វើរួចលែងដាច់ភ្លើងហើយ…សម្បូរណ៍ដូចមុនហើយ ។
ម្នាក់ទៀតជាម្ចាស់ហាងកាហ្វេទំនើបនិយាយទាំងទឹកមុខក្រហមថា…ម៉េចយូរហើយមិនប្រកាច់ធ្វើ ? ចាំដល់ពេលខ្វះភ្លើងទើបនឹកឃើញធ្វើ ? ភ្នំពេញយើងមានយ៉ាងច្រើន២លាននាក់…ខ្វះភ្លើងប្រើម្លឹងៗ តើល្អមុខមាត់ទេ ? ទៅមើលក្រុងហូជីមិញ១៥លាននាក់ស្មើយើងមួយនគរ…គេអត់ដែលថ្ងូររឿងដាច់ភ្លើងទេ…ឯង២លាននាក់រកភ្លើងប្រើគ្មាន…ហាងខ្ញុំជិតដាច់ខ្យល់ហើយ បើនៅតែយ៉ាងហ្នឹង ។
ថៅកែហាងម្នាក់ទៀតនិយាយភ្លាម…ខ្ញុំដឹងហើយទាំងអស់គ្នាសុទ្ធតែស៊ីភីភី (CPP)…យើងជាអ្នកគាំទ្រ…កុំនិយាយច្រើនពេកនាំតែខុស…តិចគេស្តាប់ទៅថាយើងសុទ្ធតែអាប្រឆាំង ? និយាយប៉ុណ្ណឹងបានហើយកុំឱ្យឡាក់ឆុង…ទៅ ! គិតរឿងផឹកម្តង មិនងាយបានជុំគ្នាទេវ៉ើយ…ទាល់តែមានពិធីទើបយើងជួបមុខគ្នា…រឿងភ្លើងថ្ងៃណាថ្ងៃហ្នុងទៅ…ឈប់ខ្វល់ទៅ ឆ្នាំក្រោយលែងដាច់ហើយ…េហ ! េហ !
ចែករំលែកព័តមាននេះ