រាជធានីភ្នំពេញ ៖ ក្មេងប្រុសស្រី៤នាក់នាំគ្នាចុះទៅងូតទឹកក្នុងរណ្ដៅមួយកន្លែង ស្រាប់តែលិចបាត់ទៅក្នុងទឹកម្នាក់ ឯអ្នកផ្សេងរួចផុតពីសេចក្ដីស្លាប់ និងនាំគ្នារត់ឡើងគោកស្រែកហៅអ្នកភូមិឲ្យជួយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ដែលរណ្តៅដីមួយនោះមានទីតាំងស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីដែលលិចបាត់នោះឈ្មោះ សូ នីតា អាយុ១៣ឆ្នាំ គឺជាសិស្សសាលា មានម្តាយឈ្មោះ ម៉ក់ សុគន្ធា អាយុ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ សព្វថ្ងៃស្នាក់នៅក្នុងបុរីព្រីនថោន ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
តាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ ក្មេងស្រីរងគ្រោះរួមនឹងក្មេងប្រុស២នាក់ និងក្មេងស្រីម្នាក់ទៀតសរុបគ្នា៤នាក់បាននាំគ្នាចុះទៅងូត និងហែលទឹកលេងនៅក្នុងរណ្តៅដីខាងលើដែលឈ្មួញជីក និងដឹកយកអាចម៌ដីលក់។ ដែលរណ្ដៅដីមួយនេះត្រូវបានអ្នកភូមិត្រពាំងជ្រៃអះអាងថា មានជម្រៅប្រហែលជាង២០ម៉ែត្រឯណោះ ខណៈនោះមុនដំបូងក្មេងទាំងនោះបានងូតត្រង់កន្លែងរាក់ៗប៉ុណ្ណោះ លុះក្រោយមកក្មេងស្រីរងគ្រោះបានហែលផ្ងារដែលគេតែងហៅថា ហែលចាក់កាណូតចូលទៅកន្លែងជ្រៅ។
ប្រភពដដែលបន្តថា បន្ទាប់មកក៏ស្រាប់តែផុតជើងផុតដៃលិចបាត់ទៅក្នុងទឹកតែម្ដង ភ្លាមៗនោះក្មេងប្រុសស្រី៣នាក់ទៀតឃើញបែបនេះមិនអាចជួយបានឡើយ ដោយម្នាក់ៗបានត្រឹមតែស្រវ៉ារត់ឡើងគោកទាំងការភិតភ័យ រួចស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នារត់ទៅជួយភ្លាមៗដែរ ប៉ុន្តែជួយមិនទាន់ឡើយ បន្ទាប់មកអ្នកភូមិខ្លះបានចុះរាវ និងអ្នកខ្លះបង់សំណាញ់ក្រែងប្រទះឃើញសពក្មេងស្រីរូបនោះ តែមិនអាចរកឃើញឡើយ។
ប្រភពដដែលបន្តថា ក្រោយពេលមានរឿងអកុសលបែបនេះ ស្ត្រីដែលជាម្ដាយក្មេងស្រីខាងលើដែលកំពុងធ្វើការនៅរោងចក្រមានការតក់ស្លុតយ៉ាងខ្លាំង ហើយចាកចេញពីរោងចក្រធ្វើដំណើរទៅកាន់កន្លែងកើតហេតុ និងស្រែកទ្រហ៊ោយំបោកខ្លួនបោកប្រាណដូចសត្វអក។ គាត់បានអុជធូបបួងសួងស្រែកហៅព្រលឹងកូនស្រីជាទីស្រឡាញ់ឲ្យបង្ហាញមហិទ្ធិឫទ្ធិ ដើម្បីឲ្យអ្នកភូមិឆាប់រាវរកឃើញសព និងយំរៀបរាប់ពីអនុស្សាវរីយ៍ទាំងឡាយដែលធ្លាប់រស់នៅជាមួយគ្នារវាងរូបគាត់ និងកូនស្រី។ ប៉ុន្តែទោះបែបណាអស់រយៈពេលជាច្រើនម៉ោងអ្នកភូមិនៅតែមិនអាចរកសាកសពឃើញដដែល ទោះខំបួងសួងអន្ទងហៅព្រលឹងនាងយ៉ាងណាក៏ដោយ ព្រោះមនុស្សដែលស្លាប់ទៅហើយប្រៀបបានទៅនិងឧសមិនអាចស្ដាប់ ឮនិងដឹងអ្វីទាំងអស់។
ប្រភពមួយនេះបញ្ជាក់បន្ថែមទៀតថា ដោយសារតែការអាឡោះអាល័យចំពោះកូនស្រីខ្លាំងពេក គាត់បានប្រមូលសម្លៀកបំពាក់របស់នាងឱបជាប់ដើមទ្រូង ហើយលើកស្បែកជើងផ្ទាត់១គូដែលជារបស់កូនស្រីថើបថែមទៀតផង មើលទៅគួរឲ្យសង្វេគខ្លាំងណាស់ ។ ដែលការទួញសោករបស់ស្ត្រីវ័យ៤៤ឆ្នាំរូបនេះបានធ្វើឲ្យអ្នកដែលទៅចោមរោមមើលមួយចំនួនមិនអាចទប់ទឹកភ្នែកបានឡើយ ហើយអ្នកខ្លះក៏ចំណាយនូវថវិការមួយចំនួនចូលបុណ្យជាការចូលរួមមរណទុក្ខរបស់ក្មេងស្រីនេះផងដែរ។
ដោយសារតែអ្នកភូមិជួយរាវរកសពអស់ពីលទ្ធភាពហើយនៅតែមិនឃើញនោះ ទើបស្ត្រីរូបនេះសម្រេចចិត្តជួលបុរសជនជាតិខ្មែរឥស្លាម៥នាក់ទៅរាវ ហើយរហូតដល់ម៉ោង៦ល្ងាចថ្ងៃដដែល ទើបក្រុមអ្នកជំនាញមុជទឹកទាំងនេះទៅដល់ហើយចុះរាវរកត្រឹមតែរយៈពេល១០នាទីប៉ុណ្ណោះក៏ប្រទះឃើញសព និងស្រង់ឡើងគោក។
ក្រោយមកសាកសពត្រូវបានស្ត្រីជាម្ដាយនាំទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតទាំងចិត្តក្ដុកក្ដួលក្រៃលែង ហើយនេះគឺជាសារមួយសម្រាប់ជូនដល់ប្រជាពលរដ្ឋទាំងអស់សូមណែនាំកូនចៅកុំឲ្យចុះលេងទឹករណ្ដៅដីដ៏ជ្រៅបែបនេះឲ្យសោះ រីឯក្មេងៗយុវជន យុវនារីទាំងឡាយក៏គួរតែចៀសវាងផងដែរ ព្រោះបើមិនចេះហែលទឹកទេនឹងមានគ្រោះថ្នាក់ខ្លាំងណាស់ ម្យ៉ាងទៀតទឹករណ្ដៅគ្រប់ទីកន្លែងនៅជាយរាជធានីភ្នំពេញបានឆក់យកជីវិតមនុស្សជាបន្តបន្ទាប់មកហើយ៕
ចែករំលែកព័តមាននេះ