រាជធានីភ្នំពេញ ៖ ជីវិតប្តីប្រពន្ធបែបនេះ ពិតជាអពមង្គលណាស់ ។ បុរសម្នាក់ជាអ្នកហៅម៉ូយនៅគល់ស្ពានជ្រោយចង្វា បានដេញវាយប្រពន្ធពេញផ្លូវផ្អើលដល់អ្នកធ្វើដំណើរនាំគ្នាចោមរោមមើល កាលពីវេលាម៉ោងប្រមាណ៩និង១០នាទីយប់ថ្ងៃទី២៩ ខែមេសា នៅតាមផ្លូវR6កែងនឹងផ្លូវទំនប់៧០ ចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ បុរសជាប្តីឈ្មោះ សួង រិទ្ធ អាយុប្រហែល៣៦ឆ្នាំ ឯប្រពន្ធឈ្មោះ រិន ឈៀន អាយុ២៨ឆ្នាំ ស្នាក់នៅតាមផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធថា មុនពេលកើតហេតុ នាងបានដើរចេញមកពីផ្ទះបងធម៌ នៅម្តុំផ្លូវរថភ្លើង ស្រាប់តែប្តីដែលលេងល្បែងចាញ់អស់លុយខឹងដេញវាយរូបនាង បណ្តាលឲ្យផ្អើលពេញផ្លូវ ។ ភ្លាមៗនោះ នាងបានរត់ផង ស្រែកយំផងឲ្យគេជួយ ហើយក៏បានសន្តិសុខជួយ ទើបផ្អើលដល់គេឯងចោមរោមមើល ។ ស្ត្រីជាប្រពន្ធនិយាយទៀតថា រូបនាងនិងប្តីនៅជាមួយគ្នារយៈពេល២ឆ្នាំហើយ បច្ចុប្បន្នមានកូនស្រីតូចម្នាក់ ។
កន្លងមក ប្តីមិនដែលឲ្យលុយនាងទេគឺមានតែយកលុយពីនាងថែម ព្រមទាំងវាយធ្វើបាបនាងទៀតផង ។ ពេលរូបនាង ទើបឆ្លងទន្លេបាន១ខែ បានវាយនាងរហូតទាស់ដេកពេទ្យ ប៉ុន្តែនាងមិនដែលហ៊ានដាក់ពាក្យបណ្តឹងទេ ព្រោះខ្លាចប្តីវាយធ្វើបាបទៀត ។ ចំណែកបុរសជាប្តីវិញនិយាយថា មុនពេលកើតហេតុ ខ្លួនបានប្រើប្រពន្ធឲ្យទៅទិញបបរ ប៉ុន្តែបែរជាប្រពន្ធទៅដេកជាប្រុសទៅវិញ ទើបខ្លួនខឹងក៏ស្រែកជេរនិងដេញ ប៉ុន្តែមិនបានវាយឡើយ។ បុរសរូបនេះ ក៏បានបដិសេធសម្តីរបស់ប្រពន្ធថាចេះតែចោទទេ ។
ក្រោយមក ប្តីប្រពន្ធនេះក៏ចេញទៅបាត់រៀងៗខ្លួនទៅ ដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឡើយ ។ ដើម្បីរក្សាជីវិតគ្រួសារឲ្យផូរផង់យូរអង្វែង ពួកគេគួរស្វែងរកអំពើល្អរវាងគ្នានិងគ្នាមកជំនួសការមិនទុកចិត្តគ្នា ដែលនាំឲ្យកើតមានជម្លោះមិនសមហេតុផល ៕
ចែករំលែកព័តមាននេះ