រាជធានីភ្នំពេញ ៖ ស្ត្រី២នាក់ជាអ្នកជិតខាងនឹងគ្នាបានរាប់អានគ្នាធ្វើជាម្តាយធម៌ និងកូនធម៌ ស្រាប់តែស្ត្រីជាម្តាយធម៌ប្រច័ណ្ឌកូនធម៌ជាមួយប្តីរបស់ខ្លួនបានឈ្លោះប្រកែក និងវាយតប់គ្នាផ្អើលពេញភូមិ បណ្តាលឱ្យស្ត្រីជាកូនធម៌រងរបួសរយះជើង ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលំ នៅចំណុចផ្ទះជួលគ្មានលេខ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ។
តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះត្រូវជាកូនធម៌ឈ្មោះព្រហ្ម សុខខន បានអោយដឹងថា គាត់ជាមួយជនបង្កបានរាប់អានគ្នាធ្វើជាម្តាយធម៌និងកូនធម៌ អស់រយៈពេលជិត១ឆ្នាំមកហើយ មុនពេលដែលកើតហេតុ ប្តីរបស់ម្តាយធម៌បានស្រវឹងស្រាហើយមកនិយាយដៀមដាមដាក់គាត់ ពេលនោះគាត់ខឹងក៏ដើរទៅសួរនាំបែរជា២នាក់ប្តីប្រពន្ធ (ឪពុកធម៌-ម៉ែធម៌)នោះរត់មកច្រាន បណ្តាលឱ្យគាត់ដួលរយះជើងម្ខាង ហើយបំរុងយកដាវសាំម៉ូរៃមកកាប់គាត់ទៀតផង តែបានអ្នកជិតខាងជួយគាត់ទាន់។ ចំពោះមូលហេតុដែលឈានដល់ការឈ្លោះប្រកែកគ្នានេះ គឺដោយសារតែគាត់ជាស្ត្រីមេម៉ាយប្តីស្លាប់ចោលជិត៤ឆ្នាំ ហើយស្ត្រីជាម្តាយធម៌បានប្រច័ណ្ឌគាត់នឹងប្តីរបស់ខ្លួន ទើបបង្កជារឿងឈ្លោះប្រកែកគ្នាបែបនេះតែម្តង។
បើតាមប្រភពព័ត៌មានពីស្ត្រីជាម្តាយធម៌ឈ្មោះមៀក យ៉ឿង អាយុ៤០ឆ្នាំ និងត្រូវជាប្រពន្ធរបស់ជនបង្កដែលស្នាក់នៅចំណុចកើតហេតុខាងលើនេះបានអោយដឹងថា មុនពេលកើតហេតុ គាត់បានលេងបៀនៅមុខផ្ទះ ចំណែកឯប្តីរបស់គាត់វិញអង្គុយផឹកស៊ី២នាក់មិត្តភក្តិនៅក្នុងផ្ទះ ស្រាប់តែកូនស្រីធ៌មរបស់គាត់នេះបានមកឈ្លោះប្រកែក និងស្រែកជេរគាត់ ព្រមទាំងប្តី ដោយមិនដឹងថាមូលហេតុខឹងអ្នកណានោះទេ ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងត្រួវបានសមត្ថកិច្ចធ្វើការសម្របសម្រួលអោយត្រឡប់ទៅផ្ទះ
វិញសិន រង់ចាំមកដោះស្រាយគ្នានៅពេលក្រោយទៀត ៕
ចែករំលែកព័តមាននេះ