រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីសមួយគ្រឿង ត្រូវម្ចាស់ដើមប្រទះឃើញបុរសម្នាក់ជាម្ចាស់រថយន្តថ្មីកំពុងតែបើកបរ បានស្ទាក់ចាប់ប្រគល់ទៅឲ្យសមត្ថកិច្ច បន្ទាប់ពីម្ចាស់ដើមបានប្រគល់រថយន្តនេះទៅឲ្យបុរសអតីតម្ចាស់ឃ្លាំងយីហោ ណុប ធានី រហូតបាត់ដំណឹងសូន្យអស់រយៈពេលជាច្រើនថ្ងៃបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨យប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងស្តុបផ្សារដីហុយប្រមាណ២០០ម៉ែត្រ តាមបណ្ដោយផ្លូវហាណូយ ខណ្ឌសែនសុខ។
រថយន្តខាងលើនេះម៉ាកឡិចស៊ីស RX300 ពណ៌ស រីឯជនរងគ្រោះជាម្ចាស់ដើមរថយន្តនេះឈ្មោះ សុខ សារិត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេង០២ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែកឯជនឆបោករថយន្តឈ្មោះ ណុប ធានី ភេទប្រុស អាយុ៣៦ឆ្នាំ ជាអតីតម្ចាស់ឃ្លាំងលក់រថយន្តយីហោ ណុប ធានី ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសម្តីពីជនរងគ្រោះជាម្ចាស់ដើមប្រាប់ឲ្យដឹងថា កាលពីខែមីនា ២០១៨ គាត់ទិញរថយន្តខាងលើពីឃ្លាំងយីហោ ណុប ធានី ដែលជារបស់ជនឆបោកនោះក្នុងតម្លៃ១៧៦០០ដុល្លារ។ ពេលនោះជនឆបោកជាម្ចាស់ឃ្លាំងនោះប្រាប់គាត់ថា ពេលណាដែលចង់លក់រថយន្តវិញ អាចទាក់ទងមករូបគេវិញបាន ។ បន្ទាប់ពីទិញរថយន្តបានហើយ ជនរងគ្រោះក៏យករថយន្តទៅធ្វើស្លាកលេខ ហើយជិះរហូតមករយៈពេល១ឆ្នាំ គាត់ក៏ចង់លក់វិញ ប៉ុន្តែមិនដឹងលក់នៅឯណាដាច់ រួចគាត់ក៏ទាក់ទងទៅជនឆបោក ដើម្បីឲ្យជួយលក់រថយន្តឲ្យ។
ជនរងគ្រោះបន្តថា លុះដល់ថ្ងៃទី២០ មីនា ២០១៩ ជនឆបោកខាងលើក៏ទូរស័ព្ទមករូបគាត់ឲ្យយករថយន្តរបស់គាត់ទៅលាងឲ្យស្អាត រួចមកជនឆបោកនោះក៏ប្រើឲ្យបុរសម្នាក់ទៀតជាបក្សពួកឈ្មោះ កុយ ខាង មកយករថយន្តពីរូបគាត់ដោយប្រាប់ថា យកទៅប៉ូលា ទើបលក់បានថ្លៃ រួចគាត់ក៏ព្រមប្រគល់រថយន្តឲ្យ។ រហូតដល់ថ្ងៃទី២៣ មីនា ជនឆបោកទូរស័ព្ទមករកគាត់ដោយប្រើបុរស កុយ ខាង នោះឲ្យមកយកកាតគ្រីរថយន្ត និងអត្តសញ្ញាណប័ណ្ណហ្វូតូរបស់គាត់ថែមទាំងប្រាប់ថា លុយលក់រថយន្តចំនួន១៨៤៥០ដុល្លាររូបគេនឹងយកទៅប្រគល់ឲ្យ៤ទៅ៥ថ្ងៃទៀត។
ជនរងគ្រោះបន្តទៀតថា លុះដល់ថ្ងៃកំណត់ដែលជនឆបោកបានសន្យា ប៉ុន្តែបែរជាមិនឃើញ ពេលនោះគាត់ទូរស័ព្ទទៅលេខជនឆបោកជាច្រើនដងតែមិនអាចទាក់ទងបាន។ បន្ទាប់មកគាត់ក៏ប្រញាប់ទៅផ្ទះរបស់ជនឆបោកនោះ ប៉ុន្តែជួបតែប្រពន្ធ ពេលដែលគាត់សួរនាំស្រាប់តែស្ត្រីជាប្រពន្ធនោះឆ្លើយថា ពួកគេទាំងពីរលែងលះគ្នាហើយ ទើបគាត់សម្រេចចិត្តទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីតែម្ដងទៅ។
ប្រភពដដែលបន្តទៀតថា លុះដល់ថ្ងៃកើតហេតុ ប្អូនប្រុសរបស់គាត់ម្នាក់ប្រទះឃើញរថយន្តគាត់ដែលមានបុរសម្នាក់ផ្សេងទៀតកំពុងបើកតាមបណ្ដោយហាណូយពីជើងទៅត្បូង ត្រង់ចំណុចកើតហេតុ ខណៈពេលប្អូនប្រុសគាត់កំពុងឈរលក់សាច់អាំងក្បែរនោះ ភ្លាមៗនោះប្អូនប្រុសគាត់ក៏ស្ទុះទៅស្ទាក់ឃាត់រថយន្តខាងលើតែម្តង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ជនឆបោកនេះបានយករថយន្តពីជនរងគ្រោះ រួចលក់រថយន្តនោះទៅឲ្យបុរសម្នាក់ឈ្មោះ ផាត សារ៉ាត់ អាយុ៣០ឆ្នាំ ជាអ្នកទិញលក់រថយន្ត និងធ្លាប់ស្គាល់រកស៊ីជាមួយនឹងជនឆបោកនេះ ប៉ុន្តែមិនបានបញ្ជាក់ថាលក់ក្នុងតម្លៃប៉ុន្មាននោះទេ ហើយជនឆបោកនោះក៏គេចខ្លួនបាត់។ បន្ទាប់មកបុរសនោះក៏លក់រថយន្តនេះបន្តទៅឲ្យបុរសម្នាក់ទៀតអាយុ៣៩ឆ្នាំ ជាបុគ្គលិករោងចក្រកាត់ដេរ ដោយភ្ជាប់ជាមួយឯកសារកាតគ្រីរបស់រថយន្តត្រឹមត្រូវក្នុងតម្លៃ១៨៤៥០ដុល្លារ។ ខណៈពេលបុរសចុងក្រោយដែលទិញរថយន្តនេះជិះទើបតែបាន៥ថ្ងៃ ក៏ត្រូវជនរងគ្រោះជាម្ចាស់ដើមប្រទះឃើញ រួចក៏ស្ទាក់ចាប់ឃាត់តែម្ដងទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ រួចក៏បាននាំរថយន្តខាងលើ រួមទាំងម្ចាស់ដើម និងម្ចាស់ថ្មីទៅធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីធ្វើការដោះស្រាយគ្នាជាបន្តទៀត៕
ចែករំលែកព័តមាននេះ