ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបក្រុមជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ និងអ្នកជួញដូរគ្រឿងញៀនម្នាក់ ដើម្បីនាំខ្លួនមកធ្វើការសាកសួរ ។
លោកវរសេនីយ៍ឯក ស៊ិម ធនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ កំលាំងជំនាញនៃអធិការនគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងផ្សារកណ្តាល ចេញល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចមណ្ឌល៦ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល បានប្រទះឃើញក្រុមជនសង្ស័យមានគ្នាចំនួន៥នាក់ កំពុងប្រើប្រាស់គ្រឿងញៀន ពេលនោះក៏បានធ្វើការឃាត់ឆែកត្រួតពិនិត្យរកឃើញមានដបសម្រាប់ជក់គ្រឿងញៀន១ ដែកកេះ១ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន១ថង់តូច និងបាននាំខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងទាំង៥នាក់មកប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរ។
ជនសង្ស័យទាំង៥នាក់ខាងលើរួមមាន ១-ឈ្មោះម៉ៅ មករា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅមណ្ឌល់៥ ភូមិប្រជាធម្មលិច ២-ឈ្មោះនេល ង៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅមណ្ឌល៦ ភូមិប្រជាធម្មលិច ៣-ឈ្មោះសុខ សាន្ត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅមណ្ឌល៧ ភូមិប្រជាធម្មកើត ៤-ឈ្មោះលន់ គឹមឡុង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅមណ្ឌល៦ ភូមិប្រជាធម្មលិច និង៥-ឌី សុខលី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉យប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមលទ្ធផលធ្វើតេស្តរកសារធាតុញៀន និងយោងតាមចម្លើយរបស់ជនសង្ស័យទាំង៥នាក់បានសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ប្រាកដមែន។
លោកអធិការបានបន្តថា ក្រោយពីធ្វើតេស្តទឹកនោមរកឃើញថាវិជ្ជមាន និងទទួលបានចម្លើយសារភាពនៅវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃដដែល កម្លាំងជំនាញ-កម្លាំងប៉ុស្តិ៍ផ្សាកណ្តាលនឹងប៉ុស្តិ៍ប៉ោយប៉ែតបានបន្តទៅឃាត់ខ្លួនជនសង្ស័យជាអ្នកជួញដូរថ្នាំញៀនម្នាក់ទៀត ឈ្មោះ ខាន់ វាស្នា ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជយ័ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ ។ ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន៩កូនថង់តូច, ថ្នាំគ្រាប់ពណ៌ផ្កាឈូក, មានអក្សរ WY ចំនួន១០គ្រាប់, កាំភ្លើងសម្រាប់បាញ់ហ្គាស ពណ៌ខ្មៅ១ដើម, ទូរសព្ទ័១គ្រឿង, ដបកែឆ្នៃសំរាប់ប្រើប្រាស់ថ្នាំញៀនចំនួន២ , បំពង់កែវ សំរាប់ប្រើប្រាស់ថ្នាំញៀនចំនួន២កំណាត់, ថង់ប្លាស្ទិកសំរាប់ច្រកថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៦នាក់ខាងលើទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ