ខេត្តសៀមរាប ឃាតករដៃដល់ជនជាតិជប៉ុន២នាក់ដែលប្លន់សម្លាប់យករថយន្តពីអ្នករត់តាក់ស៊ីនោះត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្ត បញ្ជូនមកដល់ដៃតុលាការហើយ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះចោទពីបទលួចដោយមានស្ថានទម្ងន់ បណ្តាលឱ្យមានមរណភាពដល់ជនរងគ្រោះ ដែលកើតឡើងនៅវេលាម៉ោង១៧និង០០នាទីកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីញថ្លឹងរថយន្ត ក្នុងទឹកដីភូមិគោកដូង ស្រុកពួក ខេត្តសៀមរាប ។
ដោយជនរងគ្រោះមានឈ្មោះ ឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិបិងដូនប៉ា សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ។
តាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ថា បន្ទាប់ពីកម្លាំងរបស់អធិការនគរបាលស្រុកពួកឃាត់ខ្លួនបានឃាត់ករដៃដល់ជនជាតិជប៉ុន២នាក់ ដែលប្លន់សម្លាប់យករថយន្តពីអ្នករត់តាក់ស៊ីនោះយកមកការិយាល័យនគរបាលកំរិតធ្ងន់នៃស្នងការនគរបាលខេត្តមកហើយខាងកម្លាំងជំនាញក៏បានសួរនាំ ក្រោយមកតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ISHIDA REIMON បានឆ្លើយថានៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យទាំង០២នាក់ទី០១-ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ ទី០២- ឈ្មោះ NAKA RYUJI ភេទប្រុស អាយុ២៤ឆ្នាំ បានចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ខែឆ្នាំដដែល ពួកគេបានជិះតាក់ស៊ីទៅខេត្តសៀមរាប ពួកគេបានសម្រាកនៅសណ្ឋាគារមួយកន្លែងក្នុងក្រុងសៀមរាបមិនចាំឈ្មោះ ។
លុះព្រឹកឡើងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ ពួកគេបានរកតាក់ស៊ីជិះទៅ ស្វាយស៊ីសាផុន ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងរកឡានតាក់ស៊ីថ្មី ដើម្បីប្លន់យកទៅប្រើប្រាស់ពេលទៅដល់ស្វាយស៊ីសាផុន ពួកគេបានរកតាក់ស៊ីថ្មីបាន (រថយន្តជនរងគ្រោះ ម៉ាកហាយឡែនដ័រ ពណ៌ស្ករ ស្លាកលេខ ២AB ៥២១៨ ) ដោយពួកគេប្រាប់ជនរងគ្រោះថា ចង់ទៅសៀមរាប ហើយត្រូវគ្នាក្នុងតម្លៃ៣០ដុល្លារ ពួកគេក៏ឡើងតាក់ស៊ីដោយជិះតែ០៣នាក់គត់ តាកុងតាក់ស៊ី និងពួកគេ០២នាក់ ជិះនៅកៅអីខាងក្រោយតាកុង ពេលជិះដល់ចំណុចកើតហេតុ ពួកគេបានប្រាប់តាក់ស៊ីឱ្យឈប់ ហើយឈ្មោះ ISHIDA REIMON បានបើកទ្វារតាក់ស៊ីចុះ ដើម្បីមើលផ្លូវដោយទុកឱ្យបក្សពួកខ្លួនធ្វើសកម្មភាពប្លន់សម្លាប់យករថយន្តបាន០២នាទី រូបគេក៏បើកទ្វារតាក់ស៊ីឃើញបក្សពួកខ្លួនកំពុងយកកាំបិតអារ.កជាច្រើនកាំបិត ទៅលើជនរងគ្រោះ ដោយជនរងគ្រោះកំពុងរើបម្រាស់ ភ្លាមនោះជនរងគ្រោះក៏ធ្លាក់ចេញពីលើ រថយន្តដោយខ្លួនឯង រួចរូបគេបានឡើងរថយន្តបើកចេញពីកន្លែងកើតហេតុបានប្រហែល៣០ម៉ែត្រ រថយន្តក៏ជ្រុលទៅបុកឡានផ្សេងទៀត រួចពួកគេក៏បើកទ្វារចុះរត់ តែត្រូវសមត្ថកិច្ចចាប់ឃាត់បានតែម្តង ។
ប្រភពបានបញ្ជាក់ថា វត្ថុតាងដែលដកហូតបានពីជនសង្ស័យមានកាំបិតប្រវែង១៩សង់ទីម៉ែត្រ ០១ដើម និងដំបងរលាស់០១ដើម ពួកគេយកតាមខ្លួនមកពីប្រទេសជប៉ុន ។ ប្រភពបញ្ជាក់បន្ថែមថា តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ឈ្មោះ សុខ ចាន់រឿន អាយុ៣៨ឆ្នាំ បានប្រាប់សមត្ថកិច្ចថា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ម៉ោងប្រហែល០៦ព្រឹកប្តីរបស់ខ្លួនបានប្រាប់ថា ដឹកភ្ញៀវយូស៊ីម៉ាស់ទៅបឹងត្រកួន ហើយម៉ោង១០ព្រឹកប្តីបានខលទូរស័ព្ទទៅប្រពន្ធប្រាប់ថា បានត្រឡប់ទៅស្រុកស្វាយស៊ីសាផុន ខេត្តបន្ទាយជ័យនៅម៉ោង១៥ល្ងាច ដើម្បីរកភ្ញៀវដាក់ យកលុយសិនពេលនោះប្តីខ្លួនក៏បិទទូរស័ព្ទតែម្តង ។
ក្រោយសួរចម្លើយចប់កម្លាំងយើងបានធ្វើតេស្តសារធាតុញៀនទៅលើជនសង្ស័យទាំង០២នាក់ឃើញថា ពុំមានសារធាតុញៀននោះទេ ។ មូលហេតុ ដែលគេប្តូរតាក់ស៊ីថ្មីជិះនៅស្វាយស៊ីសាផុន ខេត្តបន្ទាយមានជ័យ នោះព្រោះក្នុងក្រុងសៀមរាបមានកាំមេរ៉ាច្រើនពិបាកធ្វើសកម្មភាពប្លន់ទើបគេសម្រេចចិត្តទាំង២នាក់ ប្តូរទៅរកតាក់ស៊ីថ្មី ក្នុងគោលបំណងប្លន់យករថយន្ត ដើម្បីយកទៅប្លន់ ឬលួចបន្តក្នុងខេត្តសៀមរាបទៀត ។
បច្ចុប្បន្នជនសង្ស័យ ជាជនជាតិជប៉ុនទាំង២នាក់ និងវត្ថុតាងនោះត្រូវបានកម្លាំងជំនាញបញ្ជូនមកដល់ដៃតុលាការហើយ រង់ចាំចៅក្រមស៊ើបសួរសម្រេច ឃុំខ្លួនតែប៉ុណ្ណោះ បើតាមច្បាប់អំពើលួចមានស្ថានទម្ងន់ទោស បណ្តាលឱ្យមានមរណភាពដល់ជនរងគ្រោះនោះ គឺតាមមាត្រ៣៥៣ និង មាត្រា ៣៦០ ដែលមានទោសចាប់ពី១៥ ទៅ៣០ឆ្នាំ ៕
ចែករំលែកព័តមាននេះ