រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់បញ្ជាឲ្យទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃឈើគ្រប់ប្រភេទទៅក្រៅប្រទេស តាមច្រកព្រំដែន និងច្រករបៀងដែលគ្មានការអនុញ្ញាតឱ្យមានប្រសិទ្ធភាព និងតម្លាភាព ។ ការចេញបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលធ្វើឡើងក្នុងបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែមីនា យ៉ាងដូច្នេះថា ត្រូវរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងជលផលតាមគ្រប់រូបភាព ។
សម្តេចបានបញ្ជាក់ «បន្តជំរុញការបោះបង្គោលព្រំដែនព្រៃឈើ និងព្រៃលិចទឹកឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ការរំលោភបំពានដីព្រៃឈើ និងដីព្រៃលិចទឹក» ។ ជាមួយគ្នានោះដែរសម្តេចក៏បានឲ្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលដឹកនាំដោយលោកសៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិជាពិសេសទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃឈើគ្រប់ប្រភេទទៅក្រៅប្រទេសតាមច្រកព្រំដែន និងច្រករបៀងដែលគ្មានការអនុញ្ញាតឱ្យមានប្រសិទ្ធភាព និងតម្លាភាព ។
សម្តេចក៏បានលើកឡើងថា ត្រូវបន្តពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យបានរឹងមាំ គ្មានបទល្មើសជលផលទាំងទឹកសាប និងសមុទ្រ ។ ជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទរួមទាំងការចិញ្ចឹមត្រីតាមស្រែត្រូវធ្វើឱ្យកើនយ៉ាងតិច២០% ក្នុងមួយឆ្នាំ ស្របតាមផែនការយុទ្ធសស្ត្រាជាតិ អភិវឌ្ឍវារីវប្បកម្ម ឆ្នាំ២០១៦-២០៣០ ។ បន្តពង្រឹងការគ្រប់គ្រង កន្លែងអភិរក្សជលផល ព្រៃលិចទឹក ព្រៃកោងកាង ដែលជាជម្រកដ៏សំខាន់របស់មច្ឆជាតិ ។ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុវត្តអនុសញ្ញាអន្តរជាតិពាក់ព័ន្ធការនេសាទល្មើសច្បាប់តាមរយៈយន្តការថ្នាក់ជាតិ និងអន្តរស្ថាប័នស្របតាមនីតិវិធីជាធរមាន ៕
ចែករំលែកព័តមាននេះ