រាជធានីភ្នំពេញ ៖ សាធារណៈជនបានតាមតានយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនខែមកហើយ លើអង្គសវនាការជាសាធារណៈ ក្នុងសំណុំរឿងឃាតកម្មលើឧកញ៉ា អឹុង ម៉េងជឺ ទើបមកទល់ថ្ងៃទី១៣ មីនា ត្រូវប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសយកថ្ងៃទី២៦ មីនា ខាងមុខនេះ ដើម្បីកំណត់ប្រកាសសាលក្រមផ្តន្ទាទោសលើក្រុមឧកញ៉ា ថោង សារ៉ាត់ ដែលសង្ស័យថា ជាក្រុមឃាតករបាញ់ប្រហារលើឧកញ៉ា អឹុង ម៉េងជឺ នោះ ។
សំណុំរឿងនេះមានជនជាប់ចោទ៥នាក់ ១-ឈ្មោះ ថោង សារ៉ាត់ ថៅកែក្រុមហ៊ុន៩៩៩ និងអង្គរក្ស ២-ឈ្មោះ សៀង វាសនា ៣-ឈ្មោះ កូយ ចាន់ថុល ៤-ឈ្មោះ មាស សម្បត្តិ និង៥.-ឈ្មោះ ឈុន ចិត្រា ទាំង៥នាក់ ជាប់ចោទពីបទឃាតកម្ម ពោលគឺបាញសម្លាប់ឧកញ៉ា អឹុង ម៉េងជឺ ។
សវនាការជាច្រើនលើកកន្លងមក ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ មិនដែលបានចូលរួមឈរមុខរង្វង់ក្រចកសេះ ដើម្បីឲ្យអង្គសវនាការសាកសួរដេញដោលនោះទេ រហូតមានពេលខ្លះត្រូវអនុរក្សពន្ធនាគារ ដឹកតាមរទេះរុញចូលដល់ក្នុងសាលសវនាការហើយ តែអាក់ខានទៅវិញ ដោយជនជាប់ចោទ ថោង សារ៉ាត់ មានអាការៈបញ្ហាសុខភាព ។
សូមបញ្ជាក់ថា ជនរងគ្រោះលោកឧកញ៉ា អឹុង ម៉េងជឺ ជាថៅកែក្រុមហ៊ុនស៊ីម៉ង់ត៍ត្បូងពេជ្រ ត្រូវបានឃាតករបាញ់សម្លាប់ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខហាងលក់ផ្លែឈើយីហោ ឡោតិចសេង ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។ សំណុំរឿងនេះបានអូសបន្លាយពេលជាង៥ឆ្នាំហើយ នៅមិនទាន់បានកំណត់ ឬផ្តន្ទាទោសលើជនជាប់ចោទណាម្នាក់ជាឃាតករពិតនៅឡើយទេ ដែលសំណុំរឿងមួយនេះ សាលាដំបូងបានយកមកកាត់ក្តី២លើកហើយដែរ ។
ចែករំលែកព័តមាននេះ