ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យក្នុងករណីឆបោកម្នាក់ត្រូវនគរបាលអន្តោប្រវេសន៍មាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែតចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២៨ កុម្ភៈនេះ នៅមាត់ច្រកទ្វារខាងលើបន្ទាប់ពីមានពលករខ្មែរចំនួន២នាក់បានរាយការណ៍ថា ជនរូបនេះឆបោកប្រាក់ពួកគេ ។
ជនសង្ស័យឈ្មោះ ជឹង សុខលី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិ និងសង្កាត់ប៉ោយប៉ែត ។ មុនឃាត់ខ្លួនជនសង្ស័យត្រូវបានពលករ២នាក់ ម្នាក់ឈ្មោះ ខុម ឡុញ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងម្នាក់ឈ្មោះ ហេង ជីវ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ និងក្រុងប៉ោយប៉ែតរាយការណ៍ប្តឹងសមត្ថកិច្ចថា ឆបោកពួកគេ ។
ជនរងគ្រោះទី១ត្រូវជនសង្ស័យបោកយកអស់ប្រាក់៦០០បាតថា គេអាចនាំឆ្លងដែនទៅថៃបាន បើទោះជាគ្មានឯកសារឆ្លងដែនក៏ដោយ ។ ដោយឡែកជនរងគ្រោះទី២ប្រាប់ថា ខ្លួនមានបណ្ណឆ្លងដែន Border Pass ត្រឹមត្រូវតែជាប់មេដៃ (ឆ្លងមកពីថៃមិនបានប្រថាប់ត្រាបិទ) ត្រូវជនសង្ស័យបោកថា គេអាចទាក់ទងបើកបានវិញ ដោយយកប្រាក់អស់២០០០បាត ។ ជនរងគ្រោះទាំង២នាក់ អះអាងប្រាប់សមត្ថកិច្ចថា ក្រោយទទួលប្រាក់ជនសង្ស័យគេចខ្លួនបាត់ហើយពេលទាក់ទងសួរនាំមិនលើកទូរស័ព្ទថែមទៀត លុះនាំគ្នាតាមរកក៏ឃើញកំពុងដើរ ទើបរាយការណ៍ឲ្យសមត្ថកិច្ចហៅសួរនាំតែម្តង ។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យទទួលស្គាល់ថា គេបានឆបោកប្រាក់ពីពលករទាំង២នាក់ពិតប្រាកដមែន ហើយបានព្យាយាមសុំអង្វរពលកររងគ្រោះកុំប្តឹង និងធានាថា និងឲ្យប្រពន្ធយកប្រាក់សងវិញ ។ ពេលសាកសួរជនសង្ស័យប្រាប់កោះសន្តិភាពថា គេធ្លាប់ឆបោកពលករជាច្រើនដងហើយ តែទើបភ្លាត់ស្នៀតជាលើកទី១ចូលប៉ុស្តិ៍នគរបាល ។ អ្វីដែលសឿងបឿងនោះជនសង្ស័យឆ្លើយយ៉ាងខ្លីថា ដោយសារចាញ់ល្បែងបាញ់ត្រីក្នុងកាស៊ីណូ ទើបបែកគំនិតធ្វើបែបនេះ ៕
ចែករំលែកព័តមាននេះ