រាជធានីភ្នំពេញ ៖ ឆ្លើយឆ្លងជាមួយកោះសន្តិភាពផ្ទាល់តាមទូរស័ព្ទជាមួយនារីរងគ្រោះជាអ្នកចម្រៀង
ប្រចាំភោជនីយដ្ឋាន«បឹងមាស»ម្នាក់ ដែលត្រូវលោកយោធាផ្កាយ៣ ប្រើហិង្សាទះកំផ្លៀងពេលនាងអត់ព្រមទៅដេកជាមួយបានឱ្យដឹងបន្តថា នៅត្រឹមម៉ោង០៩ និង៣៥នាទីព្រឹកថ្ងៃទី២៨ កុម្ភៈ នេះ គឺនាងនៅមិនទាន់ទទួលបានយុត្តិធម៌ណាឬចំណាត់ណាមួយនៅឡើយ បើទោះនាងបានដាក់ពាក្យបណ្តឹងប្តឹងនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររួចហើយក្តី ។
គួរបញ្ជាក់ថា នារីរងគ្រោះខាងលើ ឈ្មោះយិន ស្រីពៅ អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលនាងជាអ្នកចម្រៀងប្រចាំហាងក្នុងភោជនីយដ្ឋាន«បឹងមាស»មានរយៈពេលជិត១ឆ្នាំមកហើយ ។
នារីរងគ្រោះបានឱ្យកោះសន្តិភាពដឹងទៀតថា ខ្លួននាងពិតជាស្គាល់ថា ខ្លួននាងជានរណា? បើទោះបីជាភ្ញៀវមានការលើសលួសនូវទង្វើកាយវិការណាមួយ ឬក៏ពាក្យសម្តីអាក្រក់បែបណាធ្វើដាក់លើនាង ព្រោះតែនាងជាអ្នកចម្រៀងម្នាក់ ។ ប៉ុន្តែ ជាក់ស្តែងកាលយប់មិញនេះ នាងមិនអាចទទួលយកបាននោះទេ ក្រោយនាងទៅអង្គុយកំដបុរសជនបង្ករូបនោះ (លោកយោធាផ្កាយ៣) រហូតលោកនោះ បានស្រវឹងស្រាជោក
ជាំ ។ នាងថា លោកផ្កាយ៣នោះតាំងពីនាងទៅអង្គុយកំដផឹកមក គឺបានបបួលនាងទៅដេកជាមួយ រហូត តាំងពីឱ្យតម្លៃខ្លួនទាប មកដល់ខ្ពស់ តែទោះជាយ៉ាងណា ក៏រូបនាងនៅអត់ព្រមដដែល ។
នាងបន្តថា លោកផ្កាយ៣នោះ គឺមានអាការៈស្រវឹងខ្លាំងណាស់ ហើយនាងបានព្យាយាមបន្លប់រហូត និងលួមលោមឱ្យផឹកភេសជ្ជៈ ដើម្បីឱ្យស្វាងស្រវឹង ។ នាងក៏និយាយដែរថា «បើបងចង់ គឺអាចរកនារីផ្សេងឱ្យបាន» ។ ស្រាប់តែលោកយោធាផ្កាយ៣នោះ នៅតែដាច់អហង្កការនិងខឹងជាខ្លាំងថា គឺចង់តែដេកជាមួយនាងទេ រហូតដល់គាត់ប្រើហិង្សាមកលើនាងតែម្តង ។
នាងថា ក្នុងពេលនាងត្រូវផ្កាយ៣ប្រើហិង្សានោះ គឺគ្មានអ្នកណាម្នាក់ហ៊ានចូលឃាត់ និងហ៊ានជួយទេ គឺលោកនោះវាយនាងនៅមុខមិត្តភក្តិរបស់គេតែម្តង រួចហើយលោកផ្កាយ៣នោះបានដើរចេញក្រៅបើកឡានទៅបាត់ស្រមោល ។
ជាការពិតណាស់ ដែលបាននាងរៀបរាប់នេះគឺបង្ហាញថា លោកយោធាផ្កាយ៣ បានមើលងាយនារីដែលជាអ្នកចម្រៀងខ្លាំងណាស់ ដែលបង្ហាញថា បើលោកចង់ហើយអត់ព្រម គឺត្រូវឈឺសាច់បែបនេះ ។ យ៉ាងណានោះសង្ឃឹមថា នឹងមានដំណោះស្រាយល្អរវាងភាគីទាំង២ ។ គួររំលឹកថា ៖ មានវាសនាបែបណា?…លោកយោធាផ្កាយ៣ទះកំផ្លៀងស្រីអត់ព្រមដេកជាមួយ
ចែករំលែកព័តមាននេះ