ខេត្តស្វាយរៀង ៖ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបើកបររថយន្តដឹកគ្រឿងសំណង់បុករ៉ឺម៉ក ហើយជ្រុលទៅបុកជាមួយរថយន្តដឹកកម្មករចំពីមុខពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យកៀបជាប់ជនបង្កដែលជាអ្នកបើកបរនៅក្នុងកាប៊ីនរថយន្តរងរបួសធ្ងន់ និងបុរសម្នាក់ទៀតរួមដំណើរជាមួយរងរបួសស្រាល ហើយអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កម្នាក់ផ្សេងទៀតរបួសស្រាល ។
មូលហេតុដោយសារតែបើកបររថយន្តកូរ៉េស្រវឹង ហើយបើកបរល្បឿនលឿនពេកដល់ផ្លូវកោងជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង បណ្តាលឲ្យខ្ទាតអ្នកបើករ៉ឺម៉កធ្លាក់ចូលទៅក្នុងប្រឡាយទឹក ហើយក៏ជ្រុលទៅបុកជាមួយនឹងរថយន្តទេសចរណ៍ដឹកកម្មករចំពីមុខប៉ែកចំហៀងខាងឆ្វេង បណ្តាលឲ្យរថយន្តដឹកគ្រឿងសំណង់ក្រពឹតកាប៊ីនមុខកៀបអ្នកបើកបរជាប់ក្នុងកាប៊ីនតែម្តង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើផ្លូវលេខ៣១៤C ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាកហ៊ីយិនដាយកូរ៉េ ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ទេព សំអាត ភេទប្រុស អាយុ៤៦ឆ្នាំមុខរបរកម្មករ រស់នៅភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បើកបរពីទិសខាងត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុខាងលើជាផ្លូវកោងក៏មានម៉ូតូរ៉ឺម៉កមួយគ្រឿងបើកស្របទិសគ្នាក៏បុកពីក្រោយ បណ្តាលឲ្យអ្នកបើករ៉ឺម៉កខ្ទាតចេញពីម៉ូតូធ្លាក់ចូលក្នុងទឹកហាវថ្នល់រួចក៏ជ្រុលចង្កូតទៅបុកជាមួយរថយន្ដក្រុងដឹកកម្មករកម្មការិនី១គ្រឿងទៀត ពណ៌បៃតងពាក់ផ្លាកលេខភ្នំពេញ៣B- ១២៣១ បើកបរដោយឈ្មោះ តុញ បូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររស់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ បើកបរពីទិសជើងទៅត្បូងបញ្ច្រាសទិសគ្នាក៏បានបុកចំពីមុខពេញទំហឹង បណ្តាលឲ្យកៀបជាប់អ្នកបើកបរនៅក្នុងកាប៊ីនរថយន្តកូរ៉េ ខណៈនោះត្រូវបានពលរដ្ឋ និងសមត្ថកិច្ចជួយគាស់យកចេញពីកាប៊ីន ដើម្បីជួយសង្គ្រោះ ។
ក្រោយពីគាស់ទាញចេញរួចនោះឃើញជនរងគ្រោះរបួសដាច់សាច់ជើង(កំភួនជើងសងខាងខ្នងជើងធ្ងន់ធ្ងរ និងចិញ្ចើម) សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ និងអ្នករួមដំណើរម្នាក់របួសស្រាល ។ ចំណែកអ្នកបើកបររថយន្តទេសចរណ៍គ្មានរបួសស្នាមនោះទេ រថយន្ដខូចខាតស្រាល ។
ចំពោះមធ្យោបាយទាំង២ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកអ្នកបើកម៉ូតូរ៉ឺម៉កក្រោកពីទឹកឡើង ព្រលឹងចុងសក់ឡើងបើកម៉ូតូរ៉ឺម៉កទៅផ្ទះបាត់មិនខ្ចីរករឿងអ្វីឡើយ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺមូលហេតុ អ្នកបើកបររថយន្ដកូរ៉េបើកល្បឿនលឿនដោយមានស្ថានភាពស្រវឹង ហើយបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕
ចែករំលែកព័តមាននេះ