ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួកយ៉ាងតិច៨នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១២ កុម្ភៈ ស្ថិតនៅក្នុងភូមិកំពង់ភ្នៅ ឃុំបវេល ស្រុក
បវេល ដោយជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មមួយ ។ ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះភ្លុច បៀ អាយុ២១ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ និងម្នាក់ទៀតឈ្មោះផល នឿន ប្រុសអាយុ៤៦ឆ្នាំ នៅភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល ។
សេចក្តីរាយការណ៍បន្តថា ក្រុមជនដៃដលមានបក្សពួកចាប់ពី៦ ទៅ៨នាក់ បានព្រួតគ្នាវាយនិងកាប់ទៅលើជនរងគ្រោះឈ្មោះយួម កៅយី ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខណ:មានជម្លោះ ។ បើតាមសមត្ថកិច្ចបានប្រាប់ថា ហេតុការណ៍ដ៏ឃោរឃៅនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ កុម្ភៈ នៅក្នុងផ្ទះបាក់បែកគ្មានមនុស្សស្នាក់នៅមួយកន្លែង (ជាកន្លែងពួកជក់ថ្នាំញៀន) ស្ថិតនៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ។
ក្រោយពីព្រួតគ្នាកាប់និងវាយជនរងគ្រោះឲ្យរបួសធ្ងន់ ពួកជនដៃដល់ក៏បានចាប់ជនរងគ្រោះចងភ្ជាប់នឹងដើមស្វាយក្បែរដំបូក រហូតដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃដដែល ទើបមានប្រជាពលរដ្ឋប្រទះឃើញក៏បានរាយការណ៍អធិការនគរបាលស្រុកបវេល ឱ្យជួយអន្តរាគមន៍ និងធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនដៃដល់បានចំនួន២នាក់ រីឯប៉ុន្មាននាក់ទៀតកំពុងគេចខ្លួន ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែទំនងអាចមិនប៉ះពាល់ដល់អាយុជីវិតទេ។ នេះបើតាមសមត្ថកិច្ចដែលបានផ្ដល់ព័ត៌មាននេះ។ ពេលនេះកម្លាំងជំនាញកំពុងសាកសួរជនដៃដល់២នាក់ដែលបានឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ