រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានតម្រូវឲ្យអាជ្ញាធរខេត្តឧត្តរមានជ័យ បើកច្រកទ្វារអន្ដរជាតិថ្មីបន្ថែមទៀតនាពេលខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ និងសម្រួលការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ។
អភិបាលរងខេត្តឧត្តរមានជ័យ លោក ឃិន ញ៉ាន បានឲ្យដឹងនាពេលថ្មីៗនេះថា ច្រកទ្វារអន្ដរជាតិដែលនឹងបើកឲ្យដំណើរការនៅពេលខាងមុខនេះ មានច្រកអន្លង់វែង និងច្រកជប់គគីរ ខណៈបច្ចុប្បន្ននៅខេត្តជាប់ព្រំដែនប្រទេសថៃមួយនេះ មានច្រកទ្វារអន្ដរជាតិអូស្មាច់ និងច្រកជាំស្រង៉ាំរួចទៅហើយ ក្នុងការជំរុញពាណិជ្ជកម្មជាមួយប្រទេសថៃ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកប្រទេសកម្ពុជា ។
លោកបន្តថា ៖« ការបើកច្រកអន្ដរជាតិទាំងនេះ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិឲ្យមកទស្សនា នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រនានា នៅក្នុងខេត្តឧត្តមានជ័យ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការនាំចេញទំនិញទៅទីផ្សារប្រទេសជិតខាង »។
លោក ឃិន ញ៉ាន បានបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មានកំណើនកើនឡើង ។ សម្រាប់ខេត្តឧត្តរមានជ័យ ដែលមានច្រកទ្វារព្រំដែនចំនួន៣ និងច្រកអន្ដរជាតិមួយដែរ ប៉ុន្ដែនៅតំបន់ទ្វេភាគី ដែលមានច្រកអូស្មាច់ ច្រកអន្លង់វែង និងច្រកជប់គគីរ តែយើងនឹងបើកជាច្រកអន្ដរជាតិនៅពេលឆាប់ៗខាងមុខនេះដែរ ។ លោកបញ្ជាក់ថា ៖« ការបើកច្រកនេះគឺយើងរំពឹងថា នឹងមានការដោះដូរទំនិញទៅវិញទៅមករវាងកម្ពុជា-ថៃ ដែលអាចឲ្យប្រជាពលរដ្ឋយើងមានជីវភាពប្រសើរជាងមុនច្រើន។ ចំណែកវិស័យទេសចរណ៍គឺអាចចូលលេងតំបន់យើង ហើយភ្ញៀវអាចឆ្លងកាត់ ទោះមិនបានស្នាក់នៅឧត្តរមានជ័យ ប៉ុន្ដែភ្ញៀវទេសចរក៏បានចតនៅឧត្តរមានជ័យដែរ »។ បន្ថែមលើនេះ លោកថា ៖« ភ្ញៀវទេសចរក៏អាចធ្វើដំណើរទៅកាន់ខេត្តសៀមរាប តាមច្រកយើងពីរនេះ នៅច្រកអូស្មាច់ និងច្រកជាំស្រង៉ាំ ។ ហេតុនេះភ្ញៀវទេសចរនៅពេលទៅដល់គោលដៅ ពួកគាត់អាចស្នាក់នៅនៅខេត្តសៀមរាប ហើយកាលណាភ្ញៀវមកលេងបានច្រើន អីចឹងយើងនឹងទទួលបានចំណូលពីវិស័យនេះច្រើនតាមរយៈការផ្ដល់សេវាផ្សេងៗ »។
លោកបន្ថែមថា នៅតាមរមណីយដ្ឋានប្រវត្តិសាស្ដ្រនានា ក៏ដូចជាតាមភោជនីយដ្ឋាន និងសណ្ឋាគារ អាជ្ញាធរខេត្តបានណែនាំដល់គ្រប់អាជីវកទាំងអស់ឲ្យរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន ស្របតាមពាក្យស្លោក ដែលបានលើកឡើងថា រមដ្ឋានស្អាត សេវាកម្មល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ ។
នៅក្នុងខេត្តឧត្តរមានជ័យ មានរមណីយដ្ឋានប្រជាវត្តិសាស្ដ្រជាច្រើន ដូចជា រមណីយដ្ឋានអន្លង់វែង សារមន្ទីរផ្ទះតាម៉ុក ប្រាសាទតាមាន់ ប្រាសាទតាក្របី និងរមណីយដ្ឋានផ្សេងៗទៀត ។ ការបើកច្រកព្រំដែនបន្ថែមនេះក៏ជាផ្នែកមួយដើម្បីបង្កើនទំហំពាណិជ្ជកម្មឲ្យដល់គោលដៅតាមការប្ដេជ្ញារបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានសន្យាកន្លងមកផងដែរ ។ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មរួមរវាងកម្ពុជា-ថៃ មានចំនួនជាង៨ពាន់លានដុល្លារកើនឡើង៣៥% បើធៀបនឹងឆ្នាំ២០១៧ ក្នុងនោះការនាំចូលពីប្រទេសថៃមានទំហំជាង៧ពាន់លានដុល្លារ និងការនាំចេញពីកម្ពុជាទៅថៃ មានទំហំប្រមាណ៧៦៨លានដុល្លារអាមេរិក ។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថ្មីៗនេះថា ការធ្វើពាណិជ្ជកម្មរួមរវាងកម្ពុជា-ថៃ នឹងមានទំហំកើនឡើងដល់១៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ តាមការរំពឹងទុក ខណៈទំទាក់ទំនងនៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ជាពិសេសការចរន្តផ្នែកពាណិជ្ជកម្ម។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឈួន ដារ៉ា បានមានប្រសាសន៍ថា ៖« ប្រទេសទាំងពីរ បានដាក់គោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឲ្យកើនឡើងដល់១៥ពាន់លានដុល្លារនៅឆ្នាំ២០២០។ ដោយឈរលើគោលការណ៍កាន់តែរឹងមាំ ទាំងផ្នែកទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ដូច្នេះសន្ទុះនៃការធ្វើពាណិជ្ជកម្មនឹងអាចកើនឡើងដល់ការកំណត់ទៅតាមការរំពឹងទុកជាមិនខាន »៕
ចែករំលែកព័តមាននេះ