ខេត្តស្វាយរៀង ៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយលោកស្រីពៅ សុភាពហិរញ្ញឹក គណៈកម្មាធិការសាខាតំណាងលោកម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅសួរសុខទុក្ខ និងចែកជូនដល់គ្រួសារដែលរងគ្រោះដោយសារភ្លើងចំបើងឆាបឆេះរាលដាលដល់ផ្ទះ ។
នាឱកាសនោះផងដែរ លោកស្រីពៅ សុភាព បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលផ្តាំផ្ញើសួរសុខទុក្ខក្តីអាណិតអាសូរ និងការសោកស្តាយចំពោះហេតុការណ៍ដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះផងដែរ ។
ជាមួយគ្នានេះលោកស្រីបានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងបំពេញការងារនិងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។ ទន្ទឹមនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ភ្លើង ចរន្តអគ្គិសនី ការអុជធូបទៀនដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុត្រូវថែរក្សាទឹកទុកក្នុងពាង ឬអាងឲ្យពេញ និងប្រើប្រាស់សន្សំសំចៃ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៣និង០០នាទីរសៀល មានអគ្គិភ័យមួយបានកើតឡើងបង្កដោយសារឆេះភ្លើងចំបើងក្រោមផ្ទះ បណ្តាលឲ្យឆេះផ្ទះទំហំ ៦គុណ៧ ម៉ែត្រសង់ពីឈើជញ្ជាំងស័ង្កសីដំបូលប្រក់ស៊ីប្រូសីម៉ង់ត៍ខូចខាតទាំងស្រុង រួមនឹងសម្ភារប្រើប្រាស់របស់ឈ្មោះ សុន ម៉ៅ អាយុ៣៣ឆ្នាំ នៅភូមិស្វាយឃុំស្វាយធំ ស្រុកស្វាយជ្រំខណៈក្រុមគ្រួសារជនរងមិននៅផ្ទះ ។
អំណោយដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះរួមមាន អង្ករ៥០គីឡូក្រាម ក្រណាត់កៅស៊ូតង់១ កន្ទេលបត់១ ឆ្នាំងបាយសម្ល២ ធុងទឹកជ័រ១ មុង១ ក្រម៉ា១ សារុង១ ទឹកស៊ីអ៊ីវ៦ដប ត្រីខ១០កំប៉ុង មី១កេស និងថវិកា៤០០.០០០រៀល និងថវិការបស់ក្រុមការងារចុះជួយឃុំ ២០០.០០០រៀល ៕
ចែករំលែកព័តមាននេះ