ខេត្តកំពង់ស្ពឺ ៖ ចាត់ទុកថា សំណាងណាស់ទៅហើយដែលស្ត្រីម្នាក់គ្រាន់តែរងរបួសស្រាលមិនគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ដែលហេតុការណ៍រថយន្តបុកម៉ូតូ ហើយកិនជាប់ក្រោមរថយន្តនេះ កើតឡើងនារសៀលនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ៥៥-៥៦ ចំណុចភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ិនដាយ ពណ៌ខៀវឆ្នូតស ពាក់ផ្លាកលេខ ភ្នំពេញ ៣B-៨១២៤ អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ(ចុះរត់គេចខ្លួនបាត់) បើកបរពីលិចទៅកើតមកដល់ចំណុចខាងលើបានបុករថយន្តម៉ាកហាន់ដេ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២X-២៩១៧ បើកបរដោយឈ្មោះ ប្រាក់ គណៈមុនី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅផ្ទះE១២ ផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវភ្នំពេញចំពីក្រោយរថយន្តយ៉ាងពេញទំហឹងដែលកំពុងបើកបរស្របទិសគ្នា ។
ស្របពេលនោះដែរ ថយន្តម៉ាកហាន់ដេបានជ្រុលទៅបុកម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ហេង ខែមរិន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិព្រំលលក ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងបើកបរពីកើតទៅលិច បណ្តាលអោយអ្នកបើកម៉ូតូរងរបួសមធ្យម ហើយម៉ូតូកៀបជាប់ក្រោមរថយន្តតែម្តង ។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលរបួសនៅពេទ្យភ្លាមៗផងដែរ ។ ចំពោះវត្ថុតាងខូចរថយន្តចំនួន០២គ្រឿងកម្រិតស្រាល និងម៉ូតូខូចកម្រិតស្រាលចំពោះវត្ថុតាងទាំង០៣គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តបង្កទី១ អោយចូលខ្លួនមកដោះស្រាយគ្នាដោយសន្តិវិធី៕
ចែករំលែកព័តមាននេះ