ខេត្តស្ទឹងត្រែង ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងសហការជាមួយកម្លាំងចម្រុះបានដកហូតបង្គា និងមឹកស្រស់ជាង៣០គីឡូក្រាម នាំទៅកម្ទេចចោល កាលពីម៉ោង៦ល្ងាច ថ្ងៃទី២កុម្ភៈ ២០១៩ គ្រាចុះពិនិត្យចំណីអាហារអាជីវករដាក់តាំងលក់ ក្នុងកម្មវិធីប្រគុំតន្ត្រី ខេត្តស្ទឹងត្រែង ក្រោយរកឃើញមានផ្ទុកសារធាតុ (ហ្វកម៉ាលីន) នៅក្នុងសាច់ ។
ក្នុងសកម្មភាពចុះពិត្យចំណីអាហារនៅខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី០២ កុម្ភៈ ២០១៩ លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា នេះជាសារមួយអាចផ្តល់ការប្រុងប្រ័យត្នចំពោះចំណីអាហារ ហើយបង្គា មឹកនេះ មានបងប្អូនអាជីវករនៅបន្តលក់ មន្ត្រីជំនាញពាក់ព័ន្ធ និងផាកពិន័យតាមច្បាប់ ហើយបងប្អូនប្រជាពលរដ្ឋក៏ត្រូវគិតពីសុខភាពផងដែរ ចំពោះការបរិភោគចំណីអាហារពិសេសគ្រឿងសមុទ្រនាំចូលនេះតែម្តង ។
លោកថា ការដកហូតនេះជាការលើកកម្ពស់សុខភាពដល់អ្នកបរិភោគ និងចៀសវាងកុំឲ្យភ្ញៀវទេសចរណ៍ ឬប្រប្រជាពលរដ្ឋនៅក្នុងខេត្ត ឬទីជនបទបរិភោគបង្កផលប៉ះពាល់ផ្នែកសុខភាពជាពិសេសក្នុងកម្មវិធីប្រគុំតន្ត្រីតាំងពិពណ៌ផលិតផលអាជីវកម្ម និងចំណីអាហារពេលដែលបងប្អូនអាជីវករយកមកតាំងលក់ក្នុងពិធីលក់ទំនិញនេះ ។
លោកម៉ូ សុខគា មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលមន្ត្រីជំនាញបានយកចំណីអាហារធ្វើការពិសោធន៍រកសារធាតុគីមីដូចជា ប្រហិតត្រី ប្រហិតសាច់គោ បង្គា ប្រហិតក្តាម និងមឹកដែលបងប្អូនអាជីវករនាំមកលក់ ក្នុងនោះយើងរកឃើញអាហារមួយចំនួនមានគុណភាពល្អហើយ ខ្លះទៀតមានសារជាតិ (ហ្វកម៉ាលីន) ច្រើនអាចបង្កផលប៉ះពាល់ដល់អ្នកបរិភោគ ។
លោក ជន ភាព អាជីវករលក់គ្រឿងសមុទ្រ និងប្រហិតគ្រប់មុខក្នុងពិធីតាំងពិពរណ៌នេះបានសាទរជាមួយ និងសកម្មភាពចុះពិនិត្យ និងពន្យល់ណែនាំពីមន្ត្រីសាខាព្រោះថា កាលណាយើងបានត្រួតពិនិត្យហាក់ដូចជា បានបង្កើនការប្រុងប្រយ័ត្នលើកកម្ពស់ថែរក្សាសុខភាពព្រោះពួកគាត់ក៏បរិភោគចំណីអាហារទាំងនេះដែរ ។
លោកអះអាងថា កន្លងមកគាត់ធ្លាប់ទិញទំនិញខ្វះការត្រួតពិនិត្យធ្វើឲ្យទំនិញនោះហួសកាលបរិច្ឆេទប្រើប្រាស់ពិបាកលក់ ហើយចំពោះគ្រឿងសមុទ្រនេះបងប្អូនអាជីវករមិនមានឧបករណ៍ធ្វើពិសោធន៍ទេជឿជាក់លើតែអ្នកនាំចូល ដូចនេះសំណូមពរមន្ត្រីជំនាញនៅតាមព្រំដែនជួយមើលៗផង ។
សូមបញ្ជាក់ថា នេះជាលើកទី៤ ហើយដែលសាខាកាំកុងក្រូលបានធ្វើសកម្មភាពទៅលើការដាក់តាំងចំណីអាហារលក់ចល័តរបស់បងប្អូនអាជីវករខ្មែ ថៃ ដែលជាកត្តាមួយបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខភាពទាំងអស់គ្នា នៅតាមទីប្រជុំជន និងទីជនបទ ៕
ចែករំលែកព័តមាននេះ