ខេត្តកណ្តាល ៖ អំពើហិង្សារមួយបានកើតឡើងបណ្តាលអោយបុរសរងគ្រោះហូរឈាមស្រោចខ្លួន ដែលជនដៃដល់ត្រូវនគរបាលចាប់វាយខ្នោះ ខណៈជនរងគ្រោះនិងជនដៃដល់ធ្លាប់មានទំនាស់នឹងគ្នាម្តងរួចមកហើយ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី នៅចំណុចដីចម្ការជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ អ៊ រ៉េត ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅៗ ភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ លិន សុភ័ក្ត្រ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងចាប់យកកាំបិតផ្គាក់ចំនួន០១ផ្លែដែកដងធ្វើពីឬស្សី ។
នគរបាលបញ្ចាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្ដីគ្នាពេលផឹកស៊ី០១លើកមកហើយ ។ លុះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ពេលល្ងាចជនសង្ស័យក៏បានកាប់បំផ្លាញដំណាំរបស់ជនរងគ្រោះដូចជា ស្វាយ ល្ហុង អស់ជាច្រើនដើម ។ រហូតមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទីពេលនោះជនរងគ្រោះ បានជិះម៉ូតូតែម្នាក់ឯង ទៅដាក់ចំណីត្រីក្នុងស្រះឯដីចម្ការខ្លួននៅពែលនោះក៏បានជួប និងជនសង្ស័យ លិន សុភ័ក្ត្រ រួចជនរងគ្រោះបានសួរទៅ លិន សុភ័ក្ត្រ ថាបានកាប់ដំណាំរបស់ខ្លួនអស់ប៉ុន្មាន រួចជនរងគ្រោះបានទាក់ពាក្យសម្ដីគ្នាជាមួយជនសង្ស័យ ហើយភ្លាមនោះជនសង្ស័យបានយកកាំបិតផ្គាក់ដែលនៅជាប់ខ្លួនកាប់ទៅលើ អ៊ រ៉ែត ជាច្រើនកាំបិតបណ្ដាលអោយរងរបួសជាទម្ងន់ រួចជនរងគ្រោះបានព្យាយាមរត់គេចខ្លួនអោយគេជួយ ។
ក្រោយមកកម្លាំងនគរបាលប៉ុសិ៍ព្រែកស្ដីបានទទួលព័ត៌មាននេះក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ រួចបានតាមស្វែងរកជនសង្ស័យ ហើយបានឃាត់ខ្លួនជនសង្ស័យរួម និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។ បច្ចុប្បន្នជនសង្ស័យ លិន សុភ័ក្ត្រ និងវត្ថុតាងដូចបានចាប់យកខាងលើត្រូវបានឃាត់ទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ