ថៃ៖ តាមប្រភពពី Oddity Centralបានឱ្យដឹងថា អាជ្ញាធរក្រុងបាងកករកឃើញវិធីថ្មីមួយ ក្នុងការកាត់បន្ថយបញ្ហាកង្វក់ខ្យល់ដោយប្រើប្រាស់ទឹកស្ករបាញ់ឡើងទៅលើបរិយាកាស ។ កាលពីប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរក្នុងទីក្រុងបាងកក បានធ្វើការសាកល្បងជាមួយនឹងទឹកស្ករ ជំនួសឱ្យទឹកធម្មតា ដោយបាញ់វាឡើងទៅលើ។
គោលបំណងធ្វើបែបនេះ គឺដើម្បីបង្កើនភាពខាប់របស់ទឹក សម្រាប់ឱ្យវាទាក់ជាប់ជាមួយកម្ទេចកម្ទីរតូចៗបានច្រើននៅក្នុងខ្យល់ ។ តែអ្នកជំនាញមួយចំនួនមិនយល់ស្របតាមការគិតបែបនេះទេ ហើយថាវាអាចផ្តល់ផលអាក្រក់ច្រើនជាងល្អ ។
លោកបណ្ឌិត Weerachai Putthawong ដែលជាសាស្ត្រាចារ្យគីមីសរីរាង្គនៅសាកលវិទ្យាល័យ Kasetsart បានប្រាប់សារព័ត៌មាន Workingpoint ថា លោកមានការសង្ស័យចំពោះការលើកឡើងថា «ទឹកស្ករមានផលប្រយោជន៍ជាងទឹកធម្មតា» នេះ ។ លោកថា ការបង្កើនភាពខាប់នៃទឹក គឺមិនមានអ្វីខុសគ្នាប៉ុន្មានពីទឹកធម្មតាឡើយ ។ នេះក៏ដោយសារម៉ាស៊ីនបាញ់ទឹកនោះ នៅតែមិនអាចបាញ់វាឱ្យចេញជាគ្រាប់ល្អិតខ្លាំងនៅឡើយទេ ។
អ្វីដែលកាន់តែគ្រោះថ្នាក់ទៀតនោះ គឺទឹកស្ករដែលបាញ់ទៅលើអាចធ្លាក់មកដី បង្កទៅជាថ្នាលបណ្តុះបាក់តេរី និងផ្សិតថែមទៀតផង បើតាមការលើកឡើងរបស់លោកបណ្ឌិត ។
ចែករំលែកព័តមាននេះ