ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍ពីរករណីស្លាប់ម្នាក់របួសធ្ងន់ស្រាល៩នាក់ដោយករណីទី១-បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លវលំក្រាលកៅស៊ូ ភូមិសណ្តាន់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ រវាងម៉ូតូបុកម៉ូតូ ក្នុងទិសដៅស្របគ្នាពីកើតទៅលិច បណ្តាលឲ្យស្លាប់ម្នាក់របួសស្រាលម្នាក់ និងរបួសធ្ងន់ម្នាក់ ។
សមត្ថកិច្ចឲ្យដឹងថា ម៉ូតូម៉ាកសងកូរេ៉ C100 ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ មុន ណាក់ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិស្រង់ ឃុំចំណារលើ ស្រុកស្ទោង របួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងស្ថានភាពស្រវឹង និងមានល្បឿនលឿន ទៅបុកជាមួយនឹងម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1I-1968 យ៉ាងពេញទំហឹងដែលបើកបរដោយឈ្មោះ ជ សារាប ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិអណ្តូងស្រី ឃុំចំណារលើ ស្រុកស្ទោង រងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ ជ សៅ ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ស្លាប់នៅកន្លែងកើតហេតុ ។
នគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើមូលហេតុបឋមបង្កដោយអ្នកបើកបរម៉ូតូឈ្មោះ មុន ណាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមានល្បឿនលឿន ក្រោយកើតហេតុ វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ។
ករណីទី២-បង្កឡើងដោយខ្លួនឯងបណ្តាលឲ្យរបួសធ្ងន់ចំនួន៤នាក់ និងរបួសស្រាល០៣នាក់ បានកើតឡើងកាលពីវេលាម៉ោង០៤និង៥០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១៤២-១៤៣ ស្ថិតក្នុងភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ។
នគរបាលចរាចរណ៍ប្រាប់ថា គ្រោះខាងលើបង្កឡើងដោយរថយន្ត១គ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Y-0759 របស់ក្រុមហ៊ុនឡារីតា ដឹកអ្នកដំណើរបើកបរទឹសដៅពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបន្ទាប់ពីកើតហេតុបានគេចខ្លួនបាត់ ។ អ្នករួមដំណើរក្នុងរថយន្តចំនួន១៥នាក់ក្នុងនោះរបួសធ្ងន់ស្រាលមនុស្សចំនួន០៧នាក់ ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបឋមបង្កដោយអ្នកបើកបររថយន្តបើកបរមានល្បឿនលឿនបានបុកសត្វឆ្កែហើយក៏រ៉េចង្កូតធ្លាក់ពីផ្លូវថ្នល់ក្រឡាប់ ក្រោយកើតហេតុវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ៕
ចែករំលែកព័តមាននេះ