រាជធានីភ្នំពេញ ៖ បុរសជាជាងភ្លើងម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ពេលគាត់តបណ្តាញអគ្គីសនីថ្មីនៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែងហើយត្រូវបានចរន្តអគ្គីសនីឆក់ដួលដេកនៅនឹងកន្លែង។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅការដ្ឋានសំណង់ផ្ទះល្វែង ស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
រងគ្រោះខាងលើឈ្មោះ ប៊ូ សុធី អាយុ៣៩ឆ្នាំ មុខរបរជាងភ្លើង មានស្រុកកំណើត ភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ប្រភពព័ត៌មានពីកម្មករសំណង់នៅក្នុងការដ្ឋានខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានតបណ្ដាញអគ្គីសនីនៅតាមផ្ទះល្វែងក្នុងការដ្ឋានសំណង់នោះ ហើយភ្លាត់ស្នៀតប៉ះចំមុខតំណខ្សែភ្លើង បណ្ដាលឲ្យឆក់ដួលដេកនៅនឹងកន្លែងរងរបួសធ្ងន់តែម្ដង។
ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយកម្មកររួមជាមួយប្រជាពលរដ្ឋបាននាំគ្នាសែងជនរងគ្រោះយកទៅកប់ដីខ្សាច់និងស្រោចទឹកដើម្បីជាការជួយសង្គ្រោះបឋម។
បន្ទាប់មកទើបហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ទើបរួចផុតពីការស្លាប់៕
ចែករំលែកព័តមាននេះ