រាជធានីភ្នំពេញ ៖ ជនសង្ស័យ១ក្រុមមានគ្នា៣នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទអ្នកដំណើរតាមផ្លូវបានសម្រេចជាបន្តបន្ទាប់២លើក កាលពី២ខែមុន នៅក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់មកបានគេចខ្លួនបាត់ដោយសុវត្ថិភាព លុះមកដល់ពេលនេះត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវចាប់ខ្លួនបានម្នាក់ ចំណែកបក្ខពួក២នាក់ទៀតបានរត់គេចខ្លួនបាត់។
ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨នៅតាម ផ្លូវលេខ២០១១ ត្រង់ចំណុចមុខក្លឹបកំសាន្តឌីស្កូ រីលេក្ស ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនខាងលើឈ្មោះ វុធ ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងប៉ះកង់ ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវនគរបាលចាប់ខ្លួននោះរួមជាមួយបក្សពួក២នាក់ទៀតគឺជាមុខសញ្ញាឆក់ទូរស័ព្ទអ្នកដំណើរតាមផ្លូវ ដែលតែងតែធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចជាបន្តបន្ទាប់កាលពី២ខែមុន ហើយបានរត់គេចខ្លួនរួចរហូត ប៉ុន្តែដោយសារតែជនសង្ស័យខាងលើស្នាក់នៅក្នុងភូមិសាស្ត្រសង្កាត់កាកាប១ ទើបកម្លាំងនគរបាលប៉ុស្តិ៍ខាងលើធ្វើការស្រាវជ្រាវ រហូតកំណត់បានភិនភាគមុខសញ្ញានោះហើយក៏បានធ្វើការចាប់ខ្លួនបានម្នាក់ ពេលដែលជនសង្ស័យកំពុងអង្គុយលើម៉ូតូដោយមិនខ្លួន ចំណែកជនសង្ស័យ២នាក់ទៀតបានរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានសារភាពប្រាប់នគរបាលថា ខ្លួនរួមជាមួយបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទ តាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចក្រោមស្ពានអាកាសទឹកថ្លាបានសម្រេចចំនួន២លើក បានទូរស័ព្ទដៃចំនួនពីរគ្រឿង កាលពីអំឡុងខែតុលា ឆ្នាំ២០១៨។
បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងបាននាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ហើយសមត្ថកិច្ចបន្តការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនបក្ខពួកដែលកំពុងរត់គេចខ្លួននោះ ៕
ចែករំលែកព័តមាននេះ