ខេត្តព្រៃវែង ៖ បច្ចុប្បន្ននេះគេសង្កេតឃើញថា នៅគ្រប់ទីកន្លែងទូទាំងខេត្តព្រៃវែងមិនថាទីផ្សារ រមណីយដ្ឋាន ឬនៅតាមដងផ្លូវនោះទេប្រជាពលរដ្ឋ៩៩%នៅតែបន្តប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យោបាយក្នុងការវិចខ្ចប់របស់របរដោយមិនបានគិតអំពីផលប៉ះពាល់របស់វានោះទេ ។
លោក តូច វារដ្ឋា ប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែងបានមានប្រសាសន៌ថា ថង់ប្លាស្ទិកនៅពេលដែលយើងដាក់ចំណីអាហារដែលក្តៅចូលទៅវានឹងភាយចេញនូវសារធាតុគីមីពីក្នុងថង់ប្លាស្ទិកនោះចូលទៅក្នុងចំណីអាហារ ហើយពេលដែលយើងទទួលទានវាក៏ធ្វើអោយប៉ះពាល់ដល់សុខភាពបន្តិចម្តងៗ ដោយយើងមិនអាចចាប់អារម្មណ៌ដឹងនោះទេ ។
ជាមួយគ្នានេះដែរកាកសំណល់ថង់ប្លាស្ទិកពេលបោះចោលទៅលើដីត្រូវប្រើពេលវេលារាប់រយឆ្នាំទើបរលាយហើយបើដុតចោលវិញសារធាតុផ្សែងរបស់វានឹងសាយភាយទៅលើអាកាស ប៉ះពាល់ដល់ស្រទាប់ផែនដី និងរួមចំណែកធ្វើអោយមានបម្រែបម្រួលអាកាសធាតុថែមទៀតផង ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ដោយអនុវត្តតាមសារាចរ លេខ១១៣ និង ១៦៨ ស្តីពីការគ្រប់គ្រងសំរាម កាកសំណល់រឹង និងថង់ប្លាស្ទិក លោកធ្លាប់បានដឹកនាំមន្ត្រីជំនាញចុះទៅធ្វើការណែនាំដល់ក្រុមអាជីវករ នៅតាមបណ្តាផ្សារមួយចំនួនក្នុងខេត្តក៏ដូចជាប្រជាពលរដ្ឋនៅតាមឃុំស្រុកជាញឹកញាប់ផងដែរដើម្បីអោយពួកគាត់បានយល់ច្បាស់អំពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិក ប៉ុន្តែហាក់ដូចជាមិនទទួលបានលទ្ធផលសោះ ។
ប៉ុន្តែសំរាប់ក្រុមអាជីវករវិញហាក់មានបញ្ហាច្រើនចំពោះការងាកមកប្រើស្លឹកឈើជំនួសថង់ប្លាស្ទិកដោយអះអាងថា វាខាតបង់ថវិកាច្រើនហើយពិបាករក ។ ទោះជាយ៉ាងណាលោក តូច វារដ្ឋា ប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែង នៅតែអំពាវនាវអោយទាំងប្រជាពលរដ្ឋ និងក្រុមអាជីវករចូលរួមទាំងអស់គ្នាក្នុងការផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់ថង់ប្លាស្ទិកសំរាប់វិចខ្ចប់ ដោយងាកមកប្រើស្លឹកឈូក ឬស្លឹកចេកជំនួសវិញ ដើម្បីការពារសុខភាព និងបរិស្ថានរបស់យើងទាំងអស់គ្នាផង ៕
ចែករំលែកព័តមាននេះ