ខេត្តសៀមរាប ៖ តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ផ្អែកតាមបណ្ដាំចុងក្រោយរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner អតីតនាយកស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាអដ្ឋិធាតុលោកវេជ្ជបណ្ឌិតនឹងត្រូវបញ្ជូនពីប្រទេសស្វីសមកតម្កល់ទុកនៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបហើយ ។
បើតាមការគ្រោងទុកអដ្ឋិធាតុលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតនឹងត្រូវបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយដង្ហែឆ្លងកាត់តាមផ្លូវជាតិលេខ០៦ បន្តមកដល់ស្តុបសណ្ឋាគារសុខាអង្គរបត់តាមផ្លូវស៊ីវុត្ថាឆ្ពោះទៅកាន់ផ្សារចាស់តាមរង្វង់មូលនាគបាញ់ទឹកបន្តឆ្លងកាត់ស្ពានវត្តដំណាក់បត់ស្របតាមផ្លូវបណ្ដោយស្ទឹងសៀមរាប មកកាន់ស្ពានព្រះរាជដំណាក់ និងបន្តតាមផ្លូវហ្សាដឺហ្គោលឆ្ពោះទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ។
តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប អញ្ជើញមកឈរអមសងខាងផ្លូវដោយត្រូវប្រមូលផ្ដុំគ្នាចាប់ពីកែងស្តុបសុខាឆ្ពោះតាមគោលដៅផ្លូវក្បួនរថយន្តឆ្លងកាត់រហូតដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដើម្បីចូលរួមសម្ដែងនូវកតញ្ញូតាធម៌ចំពោះការលះបង់កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះកុមារ និងមាតាកម្ពុជានាពេលកន្លងមក ។
ក្នុងខណៈពេលដែលអដ្ឋិធាតុលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតតម្កល់ទុកនៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបនោះនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ នឹងរៀបចំពិធីបុណ្យបង្សុកូលឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតក្រោមព្រះរាជាធិបតីភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រីនរោត្ដមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕
ចែករំលែកព័តមាននេះ