ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមពីក្រុងព្រះសីហនុបានឱ្យដឹងថា ជនជាតិចិន២ក្រុមចូលទៅម៉ាស្សាយកស្រីជាន់លេខរៀងគ្នា កើតជាទំនាស់ចាក់គា្ន បណ្តាលស្លាប់ម្នាក់ ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១ ធ្នូ ស្ថិតនៅចំណុចហាងម៉ាស្សា ក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ DONG LI ភេទប្រុស ជាជនជាតិចិន អាយុ៥០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB7194061 ។
តាមសាក្សីរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនកើតហេតុ គេបានឃើញជនជាតិចិន១ក្រុមមានគ្នាប្រមាណ៤នាក់កំពុងអង្គុយលេងនៅកន្លែងម៉ាស្សា ទំនងចាំមិត្តភក្តិចូលចាប់សរសៃ ស្រាប់តែបន្តិចក្រោយមកក៏មានជនសង្ស័យជាជនជាតិចិនចំនួន៥នាក់ផ្សេងទៀត ដែលមិនស្គាល់អត្តសញ្ញាណមានបំណងទៅរកស្រីម៉ាស្សានៅទីនោះដែរ ។
លុះពេលចិន២ក្រុមនោះជួបគ្នា ក៏កើតមានទំនាស់រឿងយកស្រីដើម្បីម៉ាស្សាជាន់លេខរៀងគ្នា ធ្វើឲ្យក្រុមចិនមានគ្នា៥នាក់ដែលទើបទៅចូលម៉ាស្សាក្រោយគេនោះ បានយកកាំបិតចុងស្រួចចាក់ជនជាតិចិនម្នាក់ក្នុងចំណោម៤នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រុមជនដៃដល់បានគេចខ្លួនបាត់អស់ ។
ចំណែកជនរងគ្រោះត្រូវបានគេដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យអន្តរជាតិ ឆាងហៃដែរ ប៉ុន្តែដោយសារឈាមហូរច្រើនពេក ជនរងគ្រោះបានស្លាប់នៅក្នុងរថយន្តសង្គ្រោះ ពេលដឹកតាមផ្លូវ ។
ទោះជាយ៉ាងណាក្តីសមត្តកិច្ចបានហៅករណីអំពើហិង្សាបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ខាងលើនេះគឺជារឿងគំនុំ ដែលកម្លាំងជំនាញកំពុងដុតដៃដុតជើង ស្រាវជ្រាវវែកមុខចាប់ខ្លួនក្រុមជនជាឃាតករមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ